គ្រោះអគ្គិភ័យកើតឡើង២លើកនៅរាជធានីភ្នំពេញ កាលពីម្សិលមិញ

ភ្នំពេញ ៖ មានករណីគ្រោះអគ្គិភ័យកើតឡើង២លើក កាលពីម្សិលមិញ គឺឆេះផ្សារអន្តរជាតិលក់សម្ភារសំណង់ចិន នៅខណ្ឌសែនសុខ និង ឆេះសណ្ឋាគារ អាល់ថូស ជាន់ទី០៥ នៅខណ្ឌដូនពេញ តែត្រូវបានសមត្ថកិច្ចពន្លត់អគ្គិភ័យពន្លត់ទាន់ពេលវេលា បណ្តាលឱ្យការឆេះខូចខាតតិចតួច ។

ករណីទី១-មានករណីអគ្គីភ័យកើតឡើងនៅចំណុចផ្សារអន្តរជាតិលក់សម្ភារសំណង់ចិន ផ្លូវហាណូយ  ភូមិឧកញ៉ាវាំងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខនៅវេលាម៉ោង​២ និង៤០នាទីរសៀល ថ្ងៃសុក្រ ទី១២ ខែមេសា ឆ្នាំ២០២៤ មូលហេតុឆ្លងចរន្តអគ្គិសនី។ 

សមត្ថកិច្ចនិយាយថា ម្ចាស់ទីតាំងឈ្មោះតុង ប៊ុន ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីវករ។ ប្រភេទសំណង់ដែលឆេះថ្មប្រក់សង្ក័សី ទំហំ ១០ម៉ែត្រគុណនឹង២០ម៉ែត្រ បណ្តាលឱ្យឆេះខូចខាតសម្ភារជាន់លើរួមមានគ្រែពូក៥ឈុត,ទូក្បាលគ្រែ៧ឈុត,សាឡុង៤ឈុត,តុមុខសាឡុង៧ឈុតអស់ទាំងស្រុង តែពុំបានឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ។

ភ្លាមនោះមានរថយន្តការិយាល័យពន្លត់​អគ្គិភ័យ​ចំនួន ០៩គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ០៤ឡានហើយពន្លត់ចប់​នៅម៉ោង៣រសៀល នាថ្ងៃខែ ឆ្នាំដដែល។ 

ករណីទី២-មានករណីអគ្គីភ័យ កើតឡើងនៅចំណុចសណ្ឋាគារ អាល់ថូស ជាន់ទី០៥ ផ្លូវ១៤៨  ភូមិ៩ សង្កាត់កណ្តាលទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាវេលាម៉ោង​១០និង២៥នាទីយប់ ថ្ងៃសុក្រ ទី១២ ខែមេសា ឆ្នាំ២០២៤ មូលហេតុឆ្លងចរន្តអគ្គិសនី ។

សមត្ថកិច្ចនិយាយថា ម្ចាស់សណ្ឋាគារឈ្មោះតាន់ វិរៈ ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិ ខ្មែរ ។ សំណង់ដែលឆេះសង់អំពីថ្មបេតុង បណ្តាលឱ្យឆេះខូចខាតសម្ភារឆេះបន្ទប់កាប៊ីនភ្លើង ទំហំ ០២ម៉ែត្រគុណនឹង០៣ម៉ែត្រចំនួន ០១បន្ទប់ រួមមានកាប៊ីនភ្លើងចំនួន ០១គ្រឿង ហើយពុំបានឆេះរាលដាលដល់អ្នកក្បែរខាងឡើយ ។

ភ្លាមៗនោះមានរថយន្តការិយាល័យពន្លត់អគ្គិភ័យ​ចំនួន ០៦គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ០៣ឡាន ហើយពន្លត់ចប់​នៅម៉ោង១១យប់ នាថ្ងៃខែ ឆ្នាំដដែល។ (ដោយ SAKARA)

Leave a Reply

Your email address will not be published. Required fields are marked *