ស្ត្រីម្នាក់ខណៈដែលពោះធំគ្រប់ខែឈឺពោះ សម្រាលកូនតាមផ្លូវល្បឿនលឿន

ភ្នំពេញ ៖ ស្ត្រីម្នាក់ខណៈដែលពោះធំគ្រប់ខែទៅហើយ មានអាការៈចុកសៀតពោះ ដើរវិលទៅផ្ទះ មិនទាន់ដល់ផងឈឺពោះសម្រាលកូនតាមផ្លូវ ផ្អើលដល់ក្រុមអន្តរាគមន៍របស់ក្រុមហ៊ុនផ្លូវល្បឿនលឿន ហៅរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ទៅជួយអន្តរាគមន៍ កើតបានកូនប្រុសម្នាក់ ។

ហេតុការណ៍ដ៏កម្រខាងលើនេះកើតឡើងកាលពីវេលាម៉ោង៤និង៥០ នាទីទៀបភ្លឺថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ នៅលើផ្លូវល្បឿនលឿន ចំណុចភូមិខ្វែ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។

ស្ត្រីខាងលើឈ្មោះ ពូន សៀកមុី អាយុ២៨ឆ្នាំ ជាស្ត្រីម៉េម៉ាយ ស្ថានភាពជីវភាពក្រីក្រ រស់នៅភូមិស្នួលខ្ពស់ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។

តាមប្រភពបានឱ្យដឹងថា ស្ត្រីខាងលើ ក្រោយពីប្តីរត់ចោល រស់នៅតែលតោលម្នាក់ឯងក្នុងស្ថានភាពក្រីក្រដើរសុីឈ្នួលគេ ខណៈដែលមានផ្ទៃពោះគ្រប់ខែទៅហើយ។ បន្ទាប់ពីកើតមានអាការៈចុកសៀតពោះ បានដើរចេញពីវត្តត្រពាំងឈូក ភូមិចែងមែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ធ្វើដំណើរថ្មើរជើង ដើរឡើងតាមផ្លូវល្បឿនលឿន គោលបំណងទៅផ្ទះ ដល់ចំណុចភូមិខ្វែ សង្កាត់ត្រពាំងក្រសាំង ឈឺពោះឆ្លងទន្លេ តែម្តង ។

បន្ទាប់ពីប្រទះឃើញស្ត្រីខាងលើ ឈឺពោះឆ្លងទន្លេតាមផ្លូវ ចំណុចដើមផ្លូវល្បឿនលឿន ត្រូវបានក្រុមអន្តរាគមន៍របស់ក្រុមហ៊ុនផ្លូវល្បឿនលឿន ជួយនាំយកទៅសំចតកៀនខាង ជៀសវាងគ្រោះថ្នាក់ ហើយហៅរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ឱ្យជួយអន្តរាគមន៍ កើតបានកូនប្រុសម្នាក់ ដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ដើម្បីជួយពិនិត្យ តាមដានសុខភាព ទាំងម្តាយ ទាំងទារក បន្តទៀត ។

ដោយមើលឃើញការលំបាក ស្ត្រីខាងលើមានសម្លៀកបំពាក់មួយចង្កេះជាប់ខ្លួន តែលតោលម្នាក់ឯង ជួបការខ្វះខាតត្រូវបានលោកឧត្តមសេនីយ៍ទោ សូយ ណារិទ្ធ មេបញ្ជាការរងកងពលតូចលេខ៧០ ជួយជាថវិកាចំនួន៤០មុឺនរៀលសម្ភារប្រើប្រាស់ សម្លៀកបំពាក់ សម្រាប់ម្តាយនិងទារក មួយចំនួន, ក្រុមសង្គ្រោះរបស់អង្គភាព៧១១,  ក្រុមគ្រូពេទ្យបង្អែកពោធិ៍ចិនតុង ,បុគ្គលិកក្រុមហ៊ុនផ្លូវល្បឿនលឿន ជួយជាថវិកា សម្លៀកបំពាក់មួយចំនួន គ្រាន់ដោះទ័លមួយគ្រាសិន ៕(ដោយ គា សំណាង)

Leave a Reply

Your email address will not be published. Required fields are marked *