អាមេរិកបញ្ឈប់អ.ស.ប. មិនឲ្យទទួលស្គាល់រដ្ឋប៉ាឡេស្ទីន

បរទេស ៖ សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ ទី១៨ មេសា ឆ្នាំ២០២៤ បានបញ្ឈប់អង្គការសហប្រជាជាតិ(អ.ស.ប)ពីការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ដោយបោះវេតូនៅក្នុងក្រុមប្រឹក្សាសន្តិសុខ ដើម្បីបដិសេធរដ្ឋអំណាចប៉ាឡេស្ទីនជាសមាជិកពេញសិទ្ធិនៃស្ថាប័នពិភពលោក។

អាមេរិកបាន​វេតូ​លើ​សេចក្តីព្រាង​សេចក្តីសម្រេច​ចិត្តដែល​បាន​ផ្តល់​អនុសាសន៍​ដល់​មហាសន្និបាត​អង្គការសហប្រជាជាតិ​ដែល​មាន​សមាជិក​ចំនួន ១៩៣ ប្រទេសថា «រដ្ឋ​ប៉ាឡេស្ទីន​ត្រូវ​បាន​ចូល​ជា​សមាជិក​អង្គការសហប្រជាជាតិ»។ អង់គ្លេស និង​ស្វីស​បាន​អនុប្បវាទ ខណៈ​សមាជិក​ក្រុមប្រឹក្សា​ចំនួន ១២ ប្រទេសទៀត​បាន​បោះឆ្នោត​យល់ព្រម។

សហរដ្ឋអាមេរិកនិយាយថា «រដ្ឋប៉ាឡេស្ទីនឯករាជ្យមួយគួរតែត្រូវបានបង្កើតឡើងតាមរយៈការចរចាដោយផ្ទាល់រវាងអ៊ីស្រាអែល និងអាជ្ញាធរប៉ាឡេស្ទីន ហើយមិនមែនតាមរយៈសកម្មភាពរបស់អ.ស.បនោះទេ»។

លោក Robert Wood ឯកអគ្គរដ្ឋទូតរងរបស់អាមេរិកប្រចាំអ.ស.ប បានប្រាប់ក្រុមប្រឹក្សាសន្តិសុខថា«សហរដ្ឋអាមេរិកបន្តគាំទ្រយ៉ាងខ្លាំងចំពោះដំណោះស្រាយរដ្ឋពីរ។ ការបោះឆ្នោតនេះមិនឆ្លុះបញ្ចាំងពីការប្រឆាំងចំពោះភាពជារដ្ឋរបស់ប៉ាឡេស្ទីនទេ ប៉ុន្តែផ្ទុយទៅវិញគឺជាការទទួលស្គាល់ថាវានឹងកើតឡើងចេញពីការចរចាដោយផ្ទាល់រវាងភាគី»។

ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas បានថ្កោលទោសការវេតូរបស់សហរដ្ឋអាមេរិកថា «អយុត្តិធម៌គ្មានសីលធម៌ និងមិនសមហេតុផល»ដោយនិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ការវេតូនេះគឺជំទាស់នឹង «ឆន្ទៈរបស់សហគមន៍អន្តរជាតិ ដែលគាំទ្រយ៉ាងខ្លាំងដល់សមាជិកភាពពេញលេញរបស់ប៉ាឡេស្ទីន»។

ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនប្រចាំអ.ស.បលោក Riyad Mansour បានប្រាប់ក្រុមប្រឹក្សាបន្ទាប់ពីការបោះឆ្នោតថា«ការពិតដែលថាសេចក្តីសម្រេចចិត្តនេះមិនបានអនុម័ត នឹងមិនធ្វើឱ្យខូចឆន្ទៈរបស់យើងទេ ហើយវានឹងមិនធ្វើឱ្យខូចដល់ការប្តេជ្ញាចិត្តរបស់យើងទេ។ យើងនឹងមិនបញ្ឈប់នៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់យើងទេ»។

ការជំរុញរបស់ប៉ាឡេស្ទីនសម្រាប់សមាជិកភាពពេញលេញរបស់អង្គការសហប្រជាជាតិកើតឡើងក្នុងពេលសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសនៅហ្គាហ្សាបានកើតឡើងជាង៦ខែ និងខណៈដែលអ៊ីស្រាអែលកំពុងពង្រីកការតាំងទីលំនៅនៅតំបន់កាន់កាប់វេសប៊ែង ដែលអ.ស.បចាត់ទុកថាខុសច្បាប់៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *