ឃាត់ខ្លួនក្រុមធាក់ប្លន់យកម៉ូតូមួយសម្បុក ប្រចាំនៅក្រុងតាខ្មៅ

កណ្តាល ៖ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តកណ្តាល សហការជាមួយកម្លាំងនគរបាលក្រុងតាខ្មៅ បានស្រាវជ្រាវបង្ក្រាបក្រុមធាក់ប្លន់យកម៉ូតូយ៉ាងសកម្មនៅក្រុងតាខ្មៅ ២ករណីឃាត់ខ្លួនបាន ៦ នាក់ កាលពីពេលថ្មីៗកន្លងទៅនេះ ហើយបានបង្ហាញមុខនាថ្ងៃទី២០មេសាឆ្នាំ២០២៤។

ករណីទី១- នៅថ្ងៃទី១៣មេសាឆ្នាំ២០២៤ ម៉ោង០១និង៣០នាទី នៅចំណុចតាមផ្លូវជាតិលេខ២១ មុខមណ្ឌលកុមារអរុណរៈ ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល មានករណីធាក់វាយប្លន់យកម៉ូតូ១គ្រឿង លើជនរងគ្រោះឈ្មោះសែ សំណាង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិឬស្សីដាច់ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល មុខរបរលក់ដូរ។

ករណីទី២-ករណីដូចគ្នា នៅថ្ងៃទី១៦មេសាឆ្នាំ២០២៤ ម៉ោង០២រំលងអធ្រាត្រ កើតឡើងនៅចំណុចតាមផ្លូវជាតិលេខ២១ មុខបុរីពិភពថ្មី២ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ជួកចោរធាក់ប្លន់យកម៉ូតូជនរងគ្រោះឈ្មោះខឹម ដារ៉ា ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ មុខរបរយោធា។

ចំណែកជនសង្ស័យ៦នាក់ដែលឃាត់ខ្លួនបានរួមមាន ១-ឈ្មោះជា មករា ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិលេខ១ សង្កាត់ស្វាយរលំ មុខរបរមិនពិតប្រាកដ, ២-ឈ្មោះខៀវគឹមឡុងភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ មុខរបរមិនពិតប្រាកដ ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលរយៈពេល២ឆ្នាំករណីធាក់ប្លន់យកម៉ូតូ, ៣-ឈ្មោះឌី ដេវីដ ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិបត្តាជី សង្កាត់ព្រែកហូរ មុខរបរមិនពិតប្រាកដ, ៤-ឈ្មោះឃឹម ចិត្រា ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិលេខ១ សង្កាត់ស្វាយរលំ មុខរបរមិនពិតប្រាកដ,៥-ឈ្មោះអ៊ូ ពៅ ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ មុខរបរមិនពិតប្រាកដ,អ្នកទទួលទិញម៉ូតូនិង៦-ឈ្មោះ ប៉េង គឹមសេង ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិក្រោលគោសង្កាត់ឬស្សីកែវ មុខរបរមិនពិតប្រាកដ  អ្នកទទួលទិញម៉ូតូ,ធ្លាប់ជាប់ពន្ធនាគារព្រៃសរយៈពេល៦ខែករណីទទួលផលចោរកម្ម។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ សមត្ថកិច្ចជំនាញបានកសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីរួចហើយ៕(ដោយ គា សំណាង)

Leave a Reply

Your email address will not be published. Required fields are marked *