ប្រាប់ម្ចាស់ក្របីកុំឱ្យចូលចម្ការស៊ីដំណាំមិនឈ្នះ បាញ់ងាប់២ក្បាល

ព្រះវិហារ ៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលជំនាញស្រុករវៀង សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាល ឃាត់ខ្លួននៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ បន្ទាប់ពីបានយកកាំភ្លើងអាកា បាញ់ក្របី២ក្បាលរបស់គេងាប់ កាលពីថ្ងៃទី១៥ ខែមេសាឆ្នាំ២០២៤ នៅចំណុចភូមិកេរ ឃុំរតនៈ ស្រុករវៀង ខេត្តព្រះវិហារ ដោយសារតែប្រាប់ម្ចាស់ក្របីកុំឱ្យចូលចម្ការស៊ីដំណាំមិនឈ្នះ ។

សមត្ថកិច្ចនិយាយថា ជនសង្ស័យឈ្មោះហេង ចេតនា ហៅចែត ភេទប្រុស អាយុ៥៤ឆ្នាំរស់នៅជាមួយគ្នា ត្រូវបានសមត្ថកិច្ចនាំជនសង្ស័យទៅឆែកឆេរ និងដកហូតយកអាវុធ AK47 បានចំនួន ០១ដើម និងបង់ចំនួន០២ យកមកបំពេញនីតិវិធីតាមផ្លូវច្បាប់ និងបញ្ជូនទៅតុលាការខេត្តព្រះវិហារ។

សមត្ថកិច្ចបន្តថា កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរតនៈ ស្រុករវៀង បានទទួលបណ្តឹងពីឈ្មោះ អឹម ម៉ៅ ភេទប្រុស អាយុ ៤៩ឆ្នាំ មុខរបរកសិករ រស់នៅភូមិកេរ ឃុំរតនៈ ស្រុករវៀង ខេត្តព្រះវិហារ ថា«មានករណីជនសង្ស័យលួចបាញ់ក្របីរបស់ខ្លួនងាប់ នៅចំណុចចម្ការរបស់ឈ្មោះ ហេង ចេតនា ហៅចែត ភេទប្រុសអាយុ៥៤ឆ្នាំរស់នៅជាមួយគ្នា កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤»។

ក្រោយពីទទួលបណ្តឹង កម្លាំងជំនាញសហការជាមួយប៉ុស្តិ៍នគរបាលរតនៈ បានធ្វើការស៊ើបអង្កេតស្រាវជ្រាវ និងការបំភ្លឺពីសាក្សីឈានទៅដល់ការកំណត់មុខសញ្ញាមកធ្វើការសាកសួរ ។

ជនសង្ស័យឈ្មោះហេង ចេតនា ហៅចែត បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រើប្រាស់អាវុធ AK47 បាញ់ទៅលើសត្វក្របីចំនួន ០២ក្បាលដែលចូលបំផ្លាញដំណាំគាត់ បណ្តាលឱ្យក្របីស្លាប់នៅលើចម្ការរបស់ខ្លួនចំនួន០១ក្បាល និងចំនួន ០១ក្បាលទៀតរត់ចេញទៅក្រៅ ។ក្រោយពីធ្វើសកម្មភាពរួច ខ្លួនបានយកអាវុធទៅលាក់ទុកក្រោមគ្រែក្នុងផ្ទះរបស់ខ្លួន។ គាត់បាញ់ក្របីងាប់ដោយសារ«ប្រាប់ម្ចាស់មិនឈ្នះបាញ់ស្លាប់២ក្បាលតែម្តង»។

ចំពោះករណីខាងលើនេះលោកស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានអំពាវនាវដល់ម្ចាស់សត្វពាហនៈទាំងអស់ឱ្យមានភាពទទួលខុសត្រូវក្នុងការចិញ្ចឹមបីបាច់ថែរក្សាជៀសវាងមានបាតុភាពដូចខាងលើនេះ៕(ដោយ ៖ SAKARA)

Leave a Reply

Your email address will not be published. Required fields are marked *