ទារិកានៅហ្គាហ្សាត្រូវបានសង្គ្រោះពីផ្ទៃម្តាយ ដែលស្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល

បរទេស ៖ មន្ត្រីសុខាភិបាលប៉ាឡេស្ទីនបាននិយាយថា ទារិកាម្នាក់ត្រូវបានសម្រាលចេញពីផ្ទៃម្តាយជនជាតិប៉ាឡេស្ទីនម្នាក់​ ដែលត្រូវបានសម្លាប់រួមជាមួយនឹងប្តី និងកូនស្រីរបស់នាងដោយការវាយប្រហាររបស់អ៊ីស្រាអែលនៅក្នុងទីក្រុង Rafah នៃតំបន់ហ្គាហ្សា ជាកន្លែងដែលមនុស្ស ១៩ នាក់បានស្លាប់ក្នុងពេលតែមួយយប់នៅក្នុងការវាយប្រហារកាន់តែខ្លាំងឡើង។

ពួក​គេ​បាន​និយាយ​ថា អ្នក​ស្លាប់​ក្នុង​ការ​វាយ​ប្រហារ​លើ​ផ្ទះចំនួន​ពីរ​នោះ​រួម​មាន​កុមារ ១៣ នាក់​មក​ពី​មួយ​គ្រួសារ។

វេជ្ជបណ្ឌិត Mohammed Salama ដែលជាគ្រូពេទ្យថែទាំនាងតូច បាននិយាយថា ទារិកា ដែលមានទម្ងន់ ១,៤គីឡូក្រាមនិងត្រូវបានសម្រាលដោយវះកាត់បន្ទាន់នោះ មានភាពនឹងនរ និងល្អប្រសើរឡើងបន្តិចម្តងៗហើយ។ ម្តាយរបស់នាងឈ្មោះ Sabreen Al-Sakani មានផ្ទៃពោះ ៣០ សប្តាហ៍។

ទារិកា​នេះ​ត្រូវ​បាន​គេ​ដាក់​ក្នុងកែវចិញ្ចឹម​ក្នុង​មន្ទីរពេទ្យ Rafah រួម​ជាមួយ​ទារក​ម្នាក់​ទៀត ដោយ​មាន​ពាក្យ​ថា «ទារិកា​នៃ​ទុក្ករបុគ្គល Sabreen Al-Sakani»ដែល​សរសេរ​នៅ​លើ​ស្កុតបិទលើ​ទ្រូង​របស់​នាង។

ពូរបស់នាងឈ្មោះ Rami Al-Sheikh បាននិយាយថា កូនស្រីពៅឈ្មោះ​ Malak របស់នាង Sakani ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនោះ ចង់ដាក់ឈ្មោះប្អូនស្រីថ្មីរបស់នាងថា Rouh ដែលមានន័យថា«ដួងវិញ្ញាណជាភាសាអារ៉ាប់»។ លោក​បាន​បន្ត​ថា “«កុមារី Malak ​សប្បាយ​ចិត្ត​ដែល​ប្អូន​ស្រី​របស់​នាង​នឹងមក​កាន់​ពិភពលោក»។

វេជ្ជបណ្ឌិត Salama បាននិយាយថាទារិកានេះនឹងស្នាក់នៅក្នុងមន្ទីរពេទ្យរយៈពេល ៣ ទៅ ៤ សប្តាហ៍។ គាត់បាននិយាយថា ១បន្ទាប់ពីនោះ យើងនឹងដឹងថាក្មេងនេះនឹងចាកចេញទៅណា ទៅគ្រួសារ មីង ឬពូ ឬជីដូនជីតា។ នេះគឺជាសោកនាដកម្មដ៏ធំបំផុត ទោះបីជាកូននេះនៅរស់ក៏ដោយ ក៏នាងកើតមកជាក្មេងកំព្រា»៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *