រកឃើញសពជិត ២០០ នាក់នៅក្នុងមន្ទីរពេទ្យ Nasser ក្នុងតំបន់ហ្គាហ្សា

បរទេស ៖ ទីភ្នាក់ងារការពារជនស៊ីវិលរបស់ហ្គាហ្សាបាននិយាយកាលពីថ្ងៃចន្ទ ទី២២ មេសាឆ្នាំ២០២៤ថា បុគ្គលិកសុខាភិបាលបានរកឃើញសាកសពប្រហែល ២០០ នាក់ក្នុងរយៈពេលបីថ្ងៃចុងក្រោយ ដែលត្រូវបានសម្លាប់ដោយកងកម្លាំងអ៊ីស្រាអែលនៅឯមន្ទីរពេទ្យមួយក្នុងទីក្រុង Khan Yunis ។

នៅ​ពេល​សុំ​ការ​អត្ថាធិប្បាយ យោធា​អ៊ីស្រាអែល​បាន​និយាយ​ថា​ «យើង​នឹង​ត្រឡប់​មក​រក​អ្នក​វិញ​លើ​បញ្ហា​នេះ»។

លោក Mahmud Bassal អ្នកនាំពាក្យឱ្យទីភ្នាក់ងារការពារជនស៊ីវិលនៃតំបន់ហ្គាហ្សា បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា «ភ្នាក់ងារការពារជនស៊ីវិលនៅតែកំពុងស្វែងរកសាកសពពីខាងក្នុងមន្ទីរពេទ្យ Nasser Medical Complex ហើយចាប់តាំងពីថ្ងៃសៅរ៍ សាកសពរបស់ទុក្ករបុគ្គលជិត ២០០ នាក់ត្រូវបានប្រមូល»។

លោក Bassal បាន​និយាយ​ថា សាកសព​ដែល​បាន​រក​ឃើញ​ជា​ច្រើន​បាន​រលួយ។ លោក​បាននិយាយ​ថា «មាន​ការ​លំបាក​ក្នុង​ដំណើរ​ការ​កំណត់​អត្តសញ្ញាណ​ពួក​គេ ប៉ុន្តែ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ការពារ​ជន​ស៊ីវិល​កំពុង​បន្ត»។

កាល​ពី​ថ្ងៃ​អាទិត្យ លោក Bassal បាន​ប្រាប់ AFP ថា អ្នក​ខ្លះ​ដែល​ត្រូវ​បាន​សម្លាប់​ត្រូវ​បាន​ធ្វើ​ទារុណកម្ម។ លោកIsmail al-Thawabta ប្រធានការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលហាម៉ាស់នៅក្នុងដែនដីប៉ាឡេស្ទីន បានផ្តល់តួលេខខ្ពស់នៃសាកសពចំនួន ២៨៣ ដែលបានរកឃើញនៅមន្ទីរពេទ្យ។

លោក Thawabta បានប្រាប់ AFP ថា «យើងបានរកឃើញផ្នូរដ៏ធំនៅខាងក្នុងមន្ទីរពេទ្យ Nasser Medical Complexនៃមនុស្សដែលត្រូវបានសម្លាប់ដោយ ពួកកាន់កាប់ (អ៊ីស្រាអែល)»។

លោកបាននិយាយថា «យើងទាមទារឱ្យមានការស៊ើបអង្កេតជាអន្តរជាតិដើម្បីពិនិត្យយ៉ាងដិតដល់នូវឧក្រិដ្ឋកម្មទាំងនេះប្រឆាំងនឹងជនស៊ីវិល កុមារ និងស្ត្រី»៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *