បាត់បង់ជីវិត១០នាក់​ ក្រោយឧទ្ធម្ភាគចក្រយោធាម៉ាឡេស៊ី២គ្រឿងបុកគ្នាលើមេឃអំឡុងពេលហាត់សមព្យុហយាត្រាទិវាកងទ័ពជើងទឹក

ម៉ាឡេស៊ី ៖ បុគ្គលិកយោធាម៉ាឡេស៊ី ១០នាក់ នៅលើឧទ្ធម្ភាគចក្រកងទ័ពជើងទឹកពីរគ្រឿងបានបាត់បង់ជីវិត បន្ទាប់ពីឧទ្ធម្ភាគចក្ររបស់ពួកគេបានបុកគ្នាកណ្តាលអាកាស លើមូលដ្ឋានទ័ពជើងទឹកក្នុងទីក្រុង Lumut រដ្ឋ Perak កាលពីថ្ងៃអង្គារ ទី២៣ មេសាឆ្នាំ២០២៤ម្សិលមិញ។

កងទ័ពជើងទឹកម៉ាឡេស៊ី (RMN) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ឧទ្ធម្ភាគចក្រប្រតិបត្តិការដែនសមុទ្រ HOM និងឧទ្ធម្ភាគចក្រ Fennec បានធ្លាក់នៅម៉ោង ៩និង៣២ ព្រឹក»។

យោងតាមសារផ្ញើដោយកងទ័ពជើងទឹក និងបានឃើញដោយវេបសាយ CNA ឧទ្ធម្ភាគចក្របានហោះឡើងនៅម៉ោង៩និង០៣នាទីព្រឹក។ សារនោះបាននិយាយថា ឧទ្ធម្ភាគចក្រ HOM បានធ្លាក់នៅលើជណ្តើរកីឡដ្ឋាន ខណៈដែលឧទ្ធម្ភាគចក្រ Fennec បានធ្លាក់ចូលទៅក្នុងអាងទឹក។

កងទ័ពជើងទឹកបាននិយាយថា «ជនរងគ្រោះទាំងអស់បានបញ្ជាក់ថាស្លាប់នៅកន្លែងកើតហេតុ ហើយបានបញ្ជូនទៅមន្ទីរពេទ្យកងកម្លាំងប្រដាប់អាវុធនៅមូលដ្ឋានទ័ពជើងទឹក Lumut សម្រាប់ដំណើរការកំណត់អត្តសញ្ញាណ»។ ដោយបន្ថែមថាសមាជិកនាវិក ០៧ នាក់នៅលើឧទ្ធម្ភាគចក្រ HOM និង ០៣ នាក់ទៀតនៅលើឧទ្ធម្ភាគចក្រ Fennec ។

នៅពេលទាក់ទងដោយ CNA មេប៉ូលិសរដ្ឋ Perak លោក Mohd Yusri Hassan Basri បានបញ្ជាក់ថា«មនុស្ស១០ នាក់បានបាត់បង់ជីវិត»។ ការហ្វឹកហ្វឺននេះគឺជាផ្នែកមួយនៃការហាត់សមសម្រាប់ព្យុហយាត្រាទិវាកងទ័ពជើងទឹកលើកទី ៩០។

កងទ័ពជើងទឹកនិយាយថា «RMN នឹងបង្កើតក្រុមប្រឹក្សាស៊ើបអង្កេតដើម្បីកំណត់អត្តសញ្ញាណមូលហេតុនៃឧបទ្ទវហេតុ»។

រដ្ឋមន្ត្រីការពារជាតិលោក Khaled Nordin បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា «ឧទ្ធម្ភាគចក្រកំពុងហ្វឹកហាត់ជាលើកទីបីសម្រាប់ក្បួនព្យុហយាត្រា»។

លោក Khaled បាននិយាយថា មិនមានជនរងគ្រោះផ្សេងទៀតដែលពាក់ព័ន្ធនោះទេ ខណៈដែលឧទ្ធម្ភាគចក្របានធ្លាក់ចូលទៅក្នុងអាងទឹក និងពហុកីឡដ្ឋានទទេ៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *