ឯកឧត្តម នេត្រ ភក្ត្រា អំពាវនាវឱ្យប្រើប្រាស់ APP NoDrug ទាំងអស់គ្នា

ភ្នំពេញ ៖ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការ កម្មវិធីទូរស័ព្ទ APP NoDrug របស់អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ នាសាលាប៊ែលធី អន្តរជាតិ រាជធានីភ្នំពេញ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំ នៃគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអំពាវនាវដល់អ្នកពាក់ព័ន្ធទាំងអស់ ចូលរួមប្រើប្រាស់ APP NoDrug ទាំងអស់គ្នាព្រមទាំងជួយផ្សព្វផ្សាយដល់សមាជិកគ្រួសារ មិត្តភ័ក្តិឱ្យប្រើប្រាស់ទាំងអស់គ្នា ។ 

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្មវិធីទូរស័ព្ទ APP NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាមធ្យោបាយដ៏ចាំបាច់ ស្របនឹងការវិវត្តបច្ចុប្បន្ននៃសង្គមឌីជីថល និងវាអាចផ្តល់ប្រសិទ្ធភាព ក្នុងពង្រីកវិសាលភាព នៃការផ្សព្វផ្សាយ ដោយពាំនាំនូវព័ត៌មានសំខាន់ៗ និងចំណេះដឹងពាក់ព័ន្ធឱ្យកាន់តែខិតជិត ប្រជាពលរដ្ឋណៅគ្រប់ទិសទី និងគ្រប់ស្រទាប់វណ្ណៈទាំងអស់ក្នុងសង្គម។ 

កម្មវិធីទូរស័ព្ទដៃនេះ អាចពង្រឹងនិងពង្រីកវិសាលភាព នៃការផ្សព្វផ្សាយអប់រំ ឱ្យបានទៅដល់ប្រជាពលរដ្ឋស្ទើរគ្រប់អ្នកដែលមានទូរស័ព្ទដៃប្រើ មិនថា ចាស់ឬក្មេង នៅទីប្រជុំជន នៅជនបទ ឬនៅក្រៅប្រទេសឡើយ គឺអាចទទួលបានព័ត៌មាន ទទួលបានការអប់រំ ទទួលបានការកំសាន្តសប្បាយ ហើយជាមួយគ្នានោះ ក៏អាចចូលរួមជាយោបល់ លើកជាសំណូមពរ ផ្តល់ជាព័ត៌មាន ឬរាយការណ៍ជូនសមត្ថកិច្ចពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ដើម្បីទទួលបានការឆ្លើយតប ឬកិច្ចអន្តរាគមន៍តាមបញ្ហាដែលពួកគាត់បានជួបប្រទះ ក្នុងនោះរួមទាំងការឆ្លើយតប ចំពោះបងប្អូនដែលមានកូនចៅ ឬញាត្តមិត្តញៀនគ្រឿងញៀន ក៏អាចស្វែងរកព័ត៌មាន និងស្នើសុំកិច្ចអន្តរាគមន៍ តាមរយៈកម្មវិធីទូរស័ព្ទដៃនេះផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងរំឭកពីអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី នាយករដ្ឋមន្ត្រីក្នុងសន្និបាតអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកាលពីខែកុម្ភៈ ឆ្នាំ២០២៤ បានសំណូមពរឱ្យគ្រប់ក្រសួងស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ វិស័យឯកជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចាត់ទុកបញ្ហាគ្រឿងញៀនជាបញ្ហារួម ដែលត្រូវចូលរួមទប់ស្កាត់ លុបបំបាត់ និងប្រយុទ្ធប្រឆាំងទាំងអស់គ្នា ៕ ដោយ ៖ ប៉ូច គឹមសុខ 

Leave a Reply

Your email address will not be published. Required fields are marked *