អាកាសធាតុក្តៅខ្លាំង កំពុងដុតកម្លោចអាស៊ីអាគ្នេយ៍ នាំឱ្យមានការបិទសាលា និងការព្រមានជាច្រើន

បរទេស ៖ អាកាសធាតុខ្លាំងកំពុងដុតកម្លោចផ្នែកខ្លះនៃអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ កាលពីថ្ងៃពុធ ទី២៤ មេសាឆ្នាំ២០២៤ ជាហេតុជំរុញឱ្យមានការផ្អាកសាលារៀននៅទូទាំងប្រទេសហ្វីលីពីន ការព្រមានអំពីកម្តៅនៅក្នុងរាជធានីថៃ និងអ្នកគោរពបូជានៅប្រទេសបង់ក្លាដែស បួងសួងសុំទឹកភ្លៀង។

សីតុណ្ហភាពក្តៅខ្លាំងត្រូវបានកត់ត្រាត្រឹមតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីអង្គការសហប្រជាជាតិ បាននិយាយថា អាស៊ីគឺជាតំបន់ដែលទទួលរងនូវគ្រោះមហន្តរាយច្រើនបំផុតពីគ្រោះថ្នាក់អាកាសធាតុក្នុងឆ្នាំ ២០២៣ ជាមួយនឹងទឹកជំនន់ និងព្យុះជាមូលហេតុចម្បងនៃការស្លាប់ និងការបាត់បង់សេដ្ឋកិច្ច។

ការស្រាវជ្រាវវិទ្យាសាស្ត្រទូលំទូលាយបានរកឃើញថា ការប្រែប្រួលអាកាសធាតុកំពុងបណ្តាលឱ្យមានរលកកម្តៅកាន់តែយូរ ញឹកញាប់ និងកាន់តែខ្លាំង។

លោក Erlin Tumaron អាយុ ៦០ ឆ្នាំដែលធ្វើការនៅរមណីយដ្ឋានមាត់សមុទ្រហ្វីលីពីនក្នុងខេត្ត Cavite ភាគខាងត្បូងនៃទីក្រុងម៉ានីលដែលសន្ទស្សន៍កម្តៅឡើងដល់ ៤៧ អង្សាសេកាលពីថ្ងៃអង្គារ បាននិយាយថា «វាក្តៅខ្លាំងណាស់រហូតដល់ថ្នាក់អ្នកមិនអាចដកដង្ហើមបាន»។

«វាគួរឱ្យភ្ញាក់ផ្អើលណាស់ ដែលអាងហែលទឹករបស់យើងនៅទទេស្អាត។ អ្នករំពឹងមនុស្សនឹងមកហែលទឹក ប៉ុន្តែវាហាក់ដូចជាពួកគេស្ទាក់ស្ទើរក្នុងការចាកចេញពីផ្ទះរបស់ពួកគេដោយសារតែកម្តៅ»។

នៅខែមីនា មេសា និងឧសភា ជាធម្មតាជាខែក្តៅបំផុត និងស្ងួតបំផុតនៅក្នុងប្រទេសប្រជុំកោះនេះ ប៉ុន្តែស្ថានភាពអាកាសធាតុក្នុងឆ្នាំនេះត្រូវបានធ្វើឱ្យកាន់តែធ្ងន់ធ្ងរឡើងដោយបាតុភូតអាកាសធាតុ El Nino ។

អ្នកព្យាករណ៍អាកាសធាតុរដ្ឋបាននិយាយថា សន្ទស្សន៍កម្តៅត្រូវបានរំពឹងឈានដល់កម្រិត «គ្រោះថ្នាក់»ឡើងដល់៤២ អង្សាសេឬខ្ពស់ជាងនេះនៅក្នុងទីក្រុងនិងទីប្រជុំជនយ៉ាងហោចណាស់ ៣០ កាលពីថ្ងៃពុធ។ សន្ទស្សន៍កម្តៅគឺវាស់ស្ទង់ពីអារម្មណ៍សីតុណ្ហភាព ដោយគិតគូរទាំងសំណើមផងដែរ។

ក្រសួងអប់រំហ្វីលីពីន ដែលមើលការខុសត្រូវលើសាលារៀនជាង ៤៧.៦០០ កន្លែងបាននិយាយថា «សាលារៀនជិត៦.៧០០ បានផ្អាកថ្នាក់រៀនផ្ទាល់កាលពីថ្ងៃពុធ»។

លោកស្រី Ana Solis ប្រធានអ្នកជំនាញអាកាសធាតុនៃអ្នកព្យាករណ៍អាកាសធាតុរបស់រដ្ឋបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា មានឱកាស ៥០ ភាគរយនៃកម្តៅកាន់តែខ្លាំងក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។

លោកស្រីបាននិយាយថា មនុស្សត្រូវកម្រិតពេលវេលាដែលពួកគេចំណាយនៅខាងក្រៅ ផឹកទឹកឱ្យបានច្រើន និងយកឆត្រនិងមួកតាមខ្លួនពេលចេញទៅក្រៅដើម្បីការពារពីកម្តៅខ្លាំង៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *