កម្តៅក្តៅខ្លាំងសម្លាប់មនុស្ស ៣០ នាក់នៅថៃឆ្នាំនេះ

ថៃ​ ៖ ថៃបាន​ចេញ​ការ​ព្រមាន​ថ្មី​អំពី​អាកាសធាតុ​ក្តៅ​ខ្លាំង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី២៥ មេសា ឆ្នាំ២០២៤ ខណៈ​រដ្ឋាភិបាល​បាន​និយាយ​ថា​​ «រលកកម្តៅបាន​សម្លាប់​មនុស្ស​យ៉ាង​តិច ៣០ នាក់​រួច​ហើយ​នៅ​ឆ្នាំ​នេះ»។

អាជ្ញាធរទីក្រុងបាងកកបានផ្តល់ការព្រមានអំពីកម្តៅខ្លាំង ខណៈដែលសន្ទស្សន៍កម្តៅត្រូវបានរំពឹងថានឹងកើនឡើងលើសពី ៥២ អង្សាសេ។ សីតុណ្ហភាព​នៅ​ក្នុង​រដ្ឋធានី​ថៃ​ឡើង​ដល់​៤០,១​អង្សា​សេ​កាលពី​ថ្ងៃ​ពុធ ហើយ​កម្រិត​ស្រដៀង​គ្នា​នេះ​ត្រូវ​បាន​ព្យាករណ៍​សម្រាប់​ថ្ងៃ​ព្រហស្បតិ៍​។

រលកអាកាសធាតុក្តៅខ្លាំងបានបោកបក់លើផ្នែកខ្លះនៃអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ក្នុងសប្តាហ៍នេះ ដោយជំរុញឱ្យសាលារៀនទូទាំងប្រទេសហ្វីលីពីនផ្អាកថ្នាក់រៀន និងអ្នកគោរពបូជានៅប្រទេសបង់ក្លាដែសនាំគ្នាបួងសួងសុំទឹកភ្លៀង។

នាយកដ្ឋានបរិស្ថាននៃទីក្រុងបាងកកបានព្រមានថា សន្ទស្សន៍កម្តៅ ដែលជារង្វាស់ថាតើសីតុណ្ហភាពមានអារម្មណ៍បែបដោយគិតគូរពីសំណើម ល្បឿនខ្យល់ និងកត្តាផ្សេងទៀត គឺស្ថិតក្នុងកម្រិត «គ្រោះថ្នាក់ខ្លាំង» នៅក្នុងទីក្រុងបាងកក។

អាជ្ញាធរក្នុងខេត្ត Udon Thani នៅតំបន់ជនបទភាគឦសាននៃព្រះរាជាណាចក្រថៃ ក៏បានព្រមានអំពីសីតុណ្ហភាពក្តៅស្ទើរឆេះកាលពីថ្ងៃព្រហស្បតិ៍ផងដែរ។

ក្រសួងសុខាភិបាលបាននិយាយកាលពីល្ងាចថ្ងៃពុធថា«មនុស្ស ៣០ នាក់បានស្លាប់ដោយសារជំងឺគ្រុនក្តៅនៅចន្លោះថ្ងៃទី ១ ខែមករាដល់ថ្ងៃទី ១៧ ខែមេសាធៀបនឹង ៣៧ នាក់ក្នុងឆ្នាំ ២០២៣»។(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *