យុវនិស្សិតម្នាក់សម្រេចចិត្តលោតពីលើអគារជាន់ទី៤ សម្លាប់ខ្លួនសង្ស័យមានវិបត្តិស្នេហា

ភ្នំពេញ ៖ យុវនិស្សិតម្នាក់សង្ស័យមានវិបត្តិស្នេហាជាមួយមិត្តស្រីបានលោតពីលើអគារបន្ទប់ជួលលេខE៦ ជាន់ទី៤សម្លាប់ខ្លួន ស្ថិតនៅតាមផ្លូវបេតុង ភូមិត្រពាំងឈូក​ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ កើតឡើងនៅវេលាម៉ោង១១និង៣០នាទីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ ។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា សពយុវជនខាងលើឈ្មោះស៊ឺ ចន្ដារិទ្ធ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរនិស្សិតឆ្នាំទី៤សាលាកុសុមៈ មានទីលំនៅភូមិព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ស្នាក់នៅបន្ទប់ជួលលេខE៦ទីតាំងកើតហេតុខាងលើ។

យោងតាមការបំភ្លឺពីស្ត្រីម្នាក់ អាយុ៣២ឆ្នាំ ជាអ្នកមើលការខុសត្រូវអគារបានឱ្យដឹងថា «ជនរងគ្រោះ និងមិត្តស្រីបានមកជួលបន្ទប់ស្នាក់នៅជាមួយគ្នាតាំងពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤, ហើយនៅវេលាម៉ោងប្រហែល១១និង៤២នាទីយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ជនរងគ្រោះ និងមិត្តស្រីបានឈ្លោះប្រកែកគ្នានៅចំណតរថយន្តក្នុងអគារ ហើយក៏ឃើញមានបងប្អូនជនរងគ្រោះមកសម្របសម្រួល ហើយមិត្តស្រីជនរងគ្រោះក៏បានចេញពីអគារទៅបាត់»។

សាក្សីដដែលបន្តថា «នៅវេលាម៉ោងប្រហែល១១និង៣០នាទី ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ ពេលនាងខ្ញុំកំពុងអង្គុយលក់ដូរនៅខាងក្រោមអគារ ស្រាប់តែឮសម្លេងប្រាវ នាងខ្ញុំងាកមើលឃើញជនរងគ្រោះធ្លាក់មកដល់សាបមុខតូបកាត់សក់ ហើយដំបូលសំយាបពីខាងលើសាកសពត្រូវបានធ្លុះ បាក់ធ្លាក់ដែកធ្នឹម១កង់មកក្រោម, ទើបនាងខ្ញុំទំនាក់ទំនងទៅសមត្ថកិច្ច»។

យោងតាមការបំភ្លឺពីបុរសម្នាក់ ភេទប្រុស អាយុ២៨ឆ្នាំ ជាប្រុសបង្កើតជនរងគ្រោះបានឱ្យដឹងថា «ប្អូនប្រុសរបស់ខ្ញុំមានជំងឺទាក់ទងនឹងបញ្ហាផ្លូវចិត្ត និងបានទៅបើកថ្នាំពីមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតដើម្បីលេបជាប្រចាំ»។ 

នៅវេលាម៉ោងប្រហែល១១ និង៥០នាទីយប់ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ មិត្តស្រីរបស់ប្អូនប្រុសខ្ញុំបានទំនាក់ទំនងមកប្រាប់ថា ប្អូនប្រុសខ្ញុំកំពុងឈ្លោះប្រកែករករឿងនាងនៅចំណតរថយន្តអគារស្នាក់នៅ ទើបខ្ញុំបានមកមើលហើយសម្របសម្រួល រួចខ្ញុំក៏បានប្រាប់ទៅខាងអគារដែលប្អូនប្រុសខ្ញុំស្នាក់នៅថា បើលើកក្រោយមានបញ្ហាអ្វីជាមួយទំនាក់ទំនងមកប្រាប់ខ្ញុំផង។

លុះនៅវេលាម៉ោងប្រហែល១១និង៥០នាទី ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ ស្រាប់តែខាងអគារដែលប្អូនប្រុសខ្ញុំជួលទំនាក់ទំនងមកប្រាប់ថាប្អូនប្រុសរបស់ខ្ញុំលោតពីលើអគារមកក្រោមស្លាប់, ទើបខ្ញុំបានមកមើលសាកសពប្អូនប្រុស។

បើយោងតាមការមើលកាមេរ៉ាសុវត្ថិភាពឃើញថា «នៅវេលាម៉ោង១១និង៤៨នាទី ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ជនរងគ្រោះបានដើរឡើងមកដល់អគារជាន់ទី៤ចាក់សោចូលទៅក្នុងបន្ទប់, រួចជនរងគ្រោះបានដើរចេញពីក្នុងបន្ទប់មកក្រៅវិញតោងបង្កាន់ដៃពីខាងមុខបន្ទប់រួចលោតទម្លាក់ខ្លួនចុះទៅក្រោមតែម្តង»។

តាមការពិនិត្យនៅបន្ទប់លេខE៦ ជាន់ទី៤ ឃើញទ្វារបន្ទប់បើកចំហរ នៅលើតុក្នុងបន្ទប់មានថ្នាំពេទ្យម៉ាកAmitriptyline 25mg (ជាថ្នាំរំងាប់អារម្មណ៍សម្រាប់អ្នកមានជំងឺផ្លូវចិត្ត)។

សមត្ថកិច្ចជំនាញបានសន្និដ្ឋានថា «ជនរងគ្រោះស្លាប់ដោយសារប៉ះទង្គិចក្បាល និងខ្លួនប្រាណធ្ងន់ធ្ងរ គឺធ្វើអត្តឃាតលោតចេញពីបង្កាន់ដៃអាគារជាន់ទី៤»។សាកសពប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕(ដោយ គាសំណាង,រាយការណ៍បន្ថែមដោយ SAKARA)

Leave a Reply

Your email address will not be published. Required fields are marked *