ស៊ីប្រាប់ប្លីងកិនថា អាមេរិកនិងចិនគួរតែជា «ដៃគូ​​ មិនមែនគូប្រជែង»

បរទេស ៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង កាលពីថ្ងៃសុក្រ ទី ២៦ ខែមេសា ឆ្នាំ២០២៤ បានប្រាប់អ្នកការទូតកំពូលអាមេរិកលោក អង់តូនី ប្លីងកិន ថាប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទាំងពីររបស់ពិភពលោកគួរតែជា «ដៃគូ មិនមែនជាគូប្រជែងទេ»ប៉ុន្តែថាមាន «បញ្ហាជាច្រើន»ដែលត្រូវដោះស្រាយនៅក្នុងទំនាក់ទំនងរបស់ពួកគេ។

លោកប្លីងកិន ស្ថិតនៅក្នុងប្រទេសចិនជាលើកទីពីរក្នុងរយៈពេលតិចជាងមួយឆ្នាំ បានជួបអ្នកនយោបាយចិននាំមុខគេនៅក្នុងរដ្ឋធានីប៉េកាំង ជាកន្លែងដែលក្រុមមន្ត្រីអាមេរិកបាននិយាយថា លោកនឹងលើកឡើងដោយផ្ទាល់នូវផ្នែកសំខាន់ៗនៃការខ្វែងគំនិតគ្នា រួមទាំង​ រុស្ស៊ី តៃវ៉ាន់ និង ពាណិជ្ជកម្ម។

ជំនួបជាមួយលោកប្លីងកិនក្នុងមហាសាលប្រជាជនទីក្រុងប៉េកាំង លោកស៊ីបាននិយាយថា ប្រទេសទាំងពីរបាន «ធ្វើឱ្យមានវឌ្ឍនភាពជាវិជ្ជមាន»ចាប់តាំងពីគាត់បានជួបជាមួយប្រធានាធិបតីអាមេរិក ចូ បៃដិន កាលពីឆ្នាំមុន ។ នេះបើយោងតាមការផ្សាយរបស់ទូរទស្សន៍រដ្ឋ CCTV ។

លោកស៊ីបាននិយាយថា «ប្រទេសទាំងពីរគួរតែជាដៃគូ មិនមែនជាគូប្រជែងនោះទេ»។ មេដឹកនាំចិនបានបន្ថែមថា«នៅតែមានបញ្ហាមួយចំនួនត្រូវដោះស្រាយ ហើយនៅតែមានកន្លែងសម្រាប់កិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត»។

លោក​បាន​បន្ថែម​ថា​​ «យើង​សង្ឃឹម​ថា​សហរដ្ឋ​អាមេរិក​ក៏​អាច​មាន​ទស្សនៈ​វិជ្ជមាន​អំពី​ការ​អភិវឌ្ឍ​របស់​ចិន​ផង​ដែរ។នៅពេលដែលបញ្ហាជាមូលដ្ឋាននេះត្រូវបានដោះស្រាយ … ទំនាក់ទំនងពិតជាអាចមានស្ថិរភាព កាន់តែប្រសើរឡើងនិងឆ្ពោះទៅមុខ»៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *