ប្រទះឃើញសពបុរសម្នាក់ អណ្តែតទឹកទន្លេសាប ដោយសារលោតពីលើស្ពានចូលទន្លេ

ភ្នំពេញ ៖ មានករណីប្រទះឃើញសាកសពបុរសម្នាក់អណ្ដែតទឹក នៅចំណុចទឹកទន្លេសាបត្រើយខាងកើត ផ្លូវមាត់ទន្លេ ភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារនៅវេលាម៉ោងប្រមាណ១២និង២០នាទី ថ្ងៃទី២៧ ខែមេសាឆ្នាំ២០២៤។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា សាកសពជនរងគ្រោះឈ្មោះ នុន ឈុនហៀង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូណាហ្គាវើល មានទីលំនៅភូមិគងជ័យ ឃុំគងជ័យ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ស្នាក់នៅផ្ទះជួលម្តុំផ្សារកាប់គោសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

យោងតាមការបំភ្លឺពីស្ត្រីម្នាក់ អាយុ៣២ឆ្នាំ ជាបងស្រីបង្កើតជនរងគ្រោះបានឱ្យដឹងថា កន្លងមកប្អូនប្រុសរបស់ខ្ញុំធ្លាប់និយាយប្រាប់ថា«មានបញ្ហារឿងលុយកាក់ និងបញ្ហានៅកន្លែងការងារ», នៅវេលាម៉ោងប្រហែល១១និង៣០នាទីយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ។

ពេលនាងខ្ញុំកំពុងនៅផ្ទះស្រាប់តែមានអ្នកស្គាល់គ្នា ទំនាក់ទំនងមកប្រាប់នាងខ្ញុំថា «ឃើញព័ត៌មានឡាយថាប្អូនប្រុសនាងខ្ញុំលោតទឹកស្ពានជ្រោយចង្វារ ទើបនាងខ្ញុំបើកព័ត៌មានមើលចំណាំថាជាម៉ូតូប្អូនប្រុសនាងខ្ញុំ ហើយនាងខ្ញុំទៅជួបជាមួយសមត្ថកិច្ច យកម៉ូតូ និងទូរសព្ទដៃប្អូនប្រុសនាងខ្ញុំពីសមត្ថកិច្ច និងបានតាមរកមើលតាមមាត់ទន្លេក្រែងឃើញសាកសពប្អូនប្រុសនាងខ្ញុំអណ្ដែតទឹក។លុះដល់វេលាម៉ោងប្រហែល១២និង២០នាទី ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤សមត្ថកិច្ចបានទំនាក់ទំនងមកនាងខ្ញុំថាមានសាកសពអណ្តែតទឹក ទើបនាងខ្ញុំមកមើលហើយស្គាល់ថាជាសកសពប្អូនប្រុសនាងខ្ញុំ»។

យោងតាមការពិនិត្យកន្លែងកើតហេតុ សាកសព ព័ត៌មានប្រមូលបាន និងការបញ្ជាក់ពីឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រួពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញ សន្និដ្ឋានថា«សពស្លាប់ដោយសារលង់ទឹក»។សាកសពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕(ដោយ ៖ SAKARA)

Leave a Reply

Your email address will not be published. Required fields are marked *