ជិះម៉ូតូជ្រុលទៅបុក រថយន្តបត់ឆ្លងផ្លូវ បណ្តាលឲ្យដួលស្លាប់

ភ្នំពេញ៖ យុវជនម្នាក់បានបាត់បង់ជីវិត បន្ទាប់ពីជិះម៉ូតូខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុករថយន្តស៊េរីទំនើប បើកបត់ចូលទៅក្នុងភូមិគ្រឹះ កាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ 

ជនរងគ្រោះមានឈ្មោះ វ៉េត វន់ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅបន្ទប់ជួល ក្នុងសង្កាត់សំរោងក្រោម មានស្រុកកំណើតនៅខេត្តព្រៃវែង ជិះម៉ូតូម៉ាក ហុងដាឌ្រីម ឯរថយន្តស៊េរីទំនើប ម៉ាក Lexus LM 300h ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BI-0155 បើកបរដោយបុរសម្នាក់ ។ 

បើតាមការបញ្ជាក់ពីសមត្ថកិច្ច មើលតាមកាមេរ៉ាសុវត្ថិភាពបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តធ្វើដណើរ តាមបណ្តោយផ្លូវបេតុង ទិសដៅពីត្បូងទៅជើងខណៈពេលបើក មកដល់ចំណុចកើតហេតុ បានបង្អង់ល្បឿនរួចក៏បានបួងចង្កូតបត់ឆ្វេងចូលទៅក្នុងភូមិគ្រឹះរបស់ខ្លួន ស្រាប់តែម៉ូតូយុវជនរងគ្រោះ ធ្វើដំណើរម្នាក់ឯងមកពីក្រោយ បុកចំពីចំហៀងខាងឆ្វេង ផ្នែកខាងមុខនៃរថយន្តផ្លោងទៅបោកខឿនផ្លូវ បណ្តាលឲ្យស្លាប់ ។ ក្រោយមកអ្នកបើករថយន្ត ក៏បានបើកទ្វារចុះហើយចូលទៅក្នុងភូមិគ្រឹះក្បែេកន្លែងកើតហេតុនោះ ។ 

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងមន្ត្រីជំនាញចរាចរណ៍ កមកវាស់វែងធ្វើកំណត់ហេតុ យករថយន្តនិងម៉ូតូទៅរក្សាទុក រង់ចាំការដោះស្រាយនៅពេលក្រោយ ចំណែកសព ត្រូវក្រុមគ្រួសារយកទៅធ្វើបុណ្យ នៅឯស្រុកកំណើត តាមប្រពៃណី៕ BBN07

Leave a Reply

Your email address will not be published. Required fields are marked *