មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីរក្សាទុក ជួញដូរគ្រឿងញៀនឃាត់ខ្លួនជនល្មើស២នាក់ និងរឹបអូសថ្នាំញៀនជិត ២៨គីឡូក្រាម

ភ្នំពេញ ៖ កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន(ក៥) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ សាន សុទ្ធី នាយករងមន្ទីរ និងលោក វរសេនីយ៍ឯក ជាវ វណ្ណា នាយការិយាល័យ ដោយមានការដឹកនាំ និងសម្របសម្រួលពីលោក ស៊ិតវណ្ណៈ ព្រះរាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងសហការជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញបានចុះស្រាវជ្រាវស៊ើបអង្កេតរហូតឈានទៅបង្ក្រាបករណីរក្សាទុក ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចហាងកាហ្វេមួយកន្លែង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដោយឃាត់ជនល្មើស២នាក់នៅថ្ងៃទី២៥ ខែមេសា២០២៤ វេលាម៉ោង១និង៣៩នាទីរសៀល។

សមត្ថកិច្ចនិយាយថា អនុវត្តតាមបញ្ជារបស់ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តមឧត្ដមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំការងារជំនាញមន្ទីរប្រឆាំងគ្រឿងញៀន និងឯកឧត្តមឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរង ទទួលសហការដឹកនាំការងារប្រឆាំងគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ឃាត់ជនល្មើស២នាក់និងរឹបអូសថ្នាំញៀនជិត ២៨គីឡូក្រាម ។

សមត្ថកិច្ចបន្តថា ជនល្មើស ២នាក់រួមមាន ១-ឈ្មោះ សុខ គោកា ភេទប្រុស ជនជាតិខ្មែរ កើតឆ្នាំ១៩៩៦ និង២-ឈ្មោះគង់ សុជាតិ ភេទប្រុស ជនជាតិខ្មែរ កើតឆ្នាំ១៩៨២ ។ដោយចាប់យកវត្ថុតាង គ្រឿងញៀនប្រភេទហេរ៉ូអ៊ីន ទម្ងន់២៣០១០ក្រាម និងគ្រឿងញៀនប្រភេទកេតាមីន ទម្ងន់ ៤៩៨០ក្រាម ដោយសរុបគ្រឿងញៀនចាប់យកទម្ងន់២៧៩៩០ក្រាម (២៧គីឡូក្រាម ៩៩០ក្រាម)។ 

បច្ចុប្បន្នជនល្មើស និងវត្ថុតាងត្រូវបានមន្ទីរប្រឆាំងគ្រឿងញៀន កសាងសំណុំរឿងបញ្ជូនខ្លួន ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីនៅថ្ងៃទី២៧មេសាឆ្នាំ២០២៤ ៕(ដោយ ៖ គា សំណាង)

Leave a Reply

Your email address will not be published. Required fields are marked *