លោកប្លីងកិន​ និយាយថា អាមេរិកមិនអាចគាំទ្រការវាយលុកទីក្រុង Rafah ដោយគ្មានផែនការមនុស្សធម៌នោះទេ

បរទេស ៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អង់តូនី ប្លីងកិន បាននិយាយនៅថ្ងៃពុធ ទី ១ ខែឧសភាឆ្នាំ២០២៤ថា«លោកនៅតែមិនទាន់ឃើញផែនការសម្រាប់ការវាយលុកដែលបានគ្រោងទុករបស់អ៊ីស្រាអែលលើទីក្រុង Rafah ភាគខាងត្បូងនៃតំបន់ហ្គាហ្សា នឹងការពារជនស៊ីវិលឡើយ» ,ដោយនិយាយឡើងវិញថារដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនមិនអាចគាំទ្រការវាយលុកបែបនេះទេ»។

លោកប្លីងកិន និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានជួបប្រជុំគ្នានៅទីក្រុងហ្សេរុយសាឡិមរយៈពេលពីរម៉ោងកន្លះ បន្ទាប់មកអ៊ីស្រាអែលបាននិយាយម្តងទៀតថា ប្រតិបត្តិការ Rafah នឹងបន្តទៅមុខ បើទោះបីជាមានជំហរពីសហរដ្ឋអាមេរិក និងការព្រមានរបស់អង្គការសហប្រជាជាតិថាវានឹងនាំឱ្យមាន «សោកនាដកម្ម»ក៏ដោយ។

លោកប្លីងកិនបានប្រាប់អ្នកយកព័ត៌មានថា «យើងមិនអាច នឹងមិនគាំទ្រដល់ប្រតិបត្តិការយោធាដ៏ធំនៅ Rafah ដោយអវត្តមានផែនការដ៏មានប្រសិទ្ធភាពដើម្បីធ្វើឱ្យប្រាកដថា ជនស៊ីវិលមិនមានគ្រោះថ្នាក់នោះទេ យើងមិនបានឃើញផែនការបែបនេះទេ»។

លោកបាននិយាយថា «មានវិធីផ្សេងទៀត ហើយនៅក្នុងការវិនិច្ឆ័យរបស់យើង វិធីល្អប្រសើរជាងនេះក្នុងការដោះស្រាយ…បញ្ហាប្រឈមដែលកំពុងបន្តរបស់ពួកហាម៉ាស គឺមិនតម្រូវឱ្យមានប្រតិបត្តិការយោធាដ៏ធំនៅ Rafah ទេ»,ដោយបន្ថែមថា «វាជាប្រធានបទនៃកិច្ចពិភាក្សាបន្តជាមួយមន្ត្រីអ៊ីស្រាអែល»។

អ្នក​នាំពាក្យ​រដ្ឋាភិបាល​អ៊ីស្រាអែល​បាន​និយាយ​ថា អ៊ីស្រាអែល​នៅ​តែ​ប្តេជ្ញា​ចិត្ត​បំផ្លាញ​ទម្រង់​ប្រយុទ្ធ​របស់​ក្រុម​ហាម៉ាស​ដែល​នៅ​សេសសល់។

អ្នក​នាំពាក្យ​រូប​នេះ​បាន​ប្រាប់​សន្និសីទ​កាសែត​ជា​ប្រចាំ​ថា​ «នៅពេល​និយាយ​ដល់ Rafah យើង​ប្តេជ្ញា​កម្ទេចកងវរសេនាតូចហាម៉ាស់បួន​ក្រុម​ចុងក្រោយ​ក្នុង​ចំណោម​កងវរសេនាតូចទាំង​ប្រាំ​នៅ Rafah យើង​កំពុង​ចែករំលែក​ផែនការ​របស់​យើង​ជាមួយ​រដ្ឋមន្ត្រីប្លីងកិន»។

អ៊ីស្រាអែលគឺជាកន្លែងឈប់សំចតចុងក្រោយក្នុងដំណើរទស្សនកិច្ចមកមជ្ឈិមបូព៌ារបស់អ្នកការទូតកំពូលរបស់អាមេរិកដែលជាដំណើរទស្សនកិច្ចលើកទីប្រាំពីររបស់គាត់ទៅកាន់តំបន់ដែលបានធ្លាក់ចូលទៅក្នុងជម្លោះកាលពីខែតុលាឆ្នាំមុន នៅពេលដែលក្រុមហាម៉ាស់បានវាយប្រហារភាគខាងត្បូងអ៊ីស្រាអែល។ ការវាយប្រហារនោះបានផ្តោតសំខាន់លើកិច្ចខិតខំប្រឹងប្រែងដើម្បីកែលម្អលក្ខខណ្ឌមនុស្សធម៌នៅក្នុងតំបន់ហ្គាហ្សា៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *