ចិនបាញ់បង្ហោះយានដើម្បីយកសំណាកពីផ្នែកឆ្ងាយបំផុតរបស់ព្រះចន្ទ

ប្រទេសចិន​ ៖ ចិនកាលពីថ្ងៃសុក្រ ទី ៣ ឧសភា ឆ្នាំ២០២៤ថា បានបាញ់បង្ហោះយានអវកាសដែលមិនមានមនុស្សជិះក្នុងបេសកកម្មរយៈពេលជិត ២ ខែ ដើម្បីទាញយកថ្ម និងដីពីផ្នែកឆ្ងាយនៃព្រះចន្ទ ដែលជាប្រទេសដំបូងគេធ្វើការប៉ុនប៉ងប្រកបដោយមហិច្ឆតាបែបនេះ។

រ៉ុក្កែត Long March-5 ដែលជារ៉ុក្កែតធំបំផុតរបស់ចិន បានបាញ់បង្ហោះនៅម៉ោង ៥ និង ២៧ នាទីល្ងាចម៉ោងក្នុងស្រុកពីមជ្ឈមណ្ឌលបង្ហោះយានអវកាស Wenchang លើកោះហៃណាន ភាគខាងត្បូង ជាមួយនឹងយានស៊ើបអង្កេតChang’e-6 ទម្ងន់ជាង ៨ តោន។

យាន​ Chang’e-6 មានភារកិច្ចចុះចតនៅក្នុងអាង South Pole-Aitken Basin នៅផ្នែកឆ្ងាយនៃព្រះចន្ទ ដែលតែងបែរមុខឆ្ងាយពីផែនដី បន្ទាប់ពីនោះវានឹងទៅយកសំណាកត្រឡប់មកផែនដីវិញ។

ការបាញ់បង្ហោះនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតនៅក្នុងកម្មវិធីរុករកព្រះចន្ទ និងអវកាសរបស់ចិន។

លោក Pierre-Yves Meslin អ្នកស្រាវជ្រាវជនជាតិបារាំងដែលធ្វើការលើគោលបំណងវិទ្យាសាស្ត្រមួយរបស់យានChang’e-6 បាននិយាយថា «វាជាអាថ៌កំបាំងបន្តិចសម្រាប់ពួកយើងពីរបៀបដែលចិនអាចបង្កើតកម្មវិធីប្រកបដោយមហិច្ឆតា និងជោគជ័យបែបនេះ»។

ក្នុងឆ្នាំ ២០១៨ យាន Chang’e-4 បានផ្តល់ឱ្យចិននូវការចុះចតលើឋានព្រះចន្ទគ្មានមនុស្សបើកជាលើកដំបូងរបស់ខ្លួនក៏ដូចជានៅផ្នែកឆ្ងាយផងដែរ។ ក្នុងឆ្នាំ ២០២០ យាន​ Chang’e-5 បានកត់សម្គាល់ជាលើកដំបូងដែលមនុស្សបានទាញយកសំណាកព្រះចន្ទក្នុងរយៈពេល ៤៤ ឆ្នាំ ហើយយាន Chang’e-6 អាចធ្វើឱ្យចិនក្លាយជាប្រទេសដំបូងគេដែលទាញយកសំណាកពីផ្នែក «លាក់កំបាំង»របស់ព្រះចន្ទ»៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *