ប្រធានាធិបតីម៉ាកូសនិយាយថា​ «ហ្វីលីពីននឹងមិនប្រើកាណុង បាញ់ទឹកដាក់នាវាចិនទេ»

បរទេស ៖ លោកប្រធានាធិបតី ហ្វើឌីណាន់ ម៉ាកូស (Ferdinand Marcos) បាននិយាយកាលពីថ្ងៃចន្ទ ទី៦ ឧសភាឆ្នាំ២០២៤ថា «ហ្វីលីពីននឹងមិនឆ្លើយតបចំពោះការដាក់ពង្រាយកាណុងបាញ់ទឹករបស់ចិនប្រឆាំងនឹងនាវារបស់ខ្លួននោះឡើយ ដោយច្រានចោលការប្រើប្រាស់ឧបករណ៍ “វាយលុក” ខណៈដែលរដ្ឋាភិបាលក្រុងម៉ានីលអះអាងអធិបតេយ្យភាពរបស់ខ្លួននៅសមុទ្រចិនខាងត្បូងដែលមានជម្លោះ»។

រដ្ឋាភិបាលក្រុងប៉េកាំងបានបញ្ជូនកងឆ្មាំសមុទ្រ និងនាវារាប់រយដើម្បីដាក់សម្ពាធលើការទាមទាររបស់ខ្លួនជុំវិញផ្នែកភាគច្រើននៃផ្លូវទឹកដ៏សំខាន់នេះ បើទោះបីជាមានសេចក្តីសម្រេចរបស់តុលាការអន្តរជាតិថា«ការអះអាងរបស់ខ្លួនមិនមានមូលដ្ឋានផ្លូវច្បាប់ក៏ដោយ»។

នៅក្នុងការប្រឈមមុខគ្នាចុងក្រោយបំផុតកាលពីថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២៤ រដ្ឋាភិបាលក្រុងម៉ានីលបាននិយាយថាឆ្មាំសមុទ្រចិនបានបំផ្លាញកប៉ាល់ឆ្មាំសមុទ្រហ្វីលីពីនមួយគ្រឿង និងនាវារដ្ឋាភិបាលមួយទៀតដែលមានកាណុងបាញ់ទឹក ខណៈនាវាទាំងពីរកំពុងនាំយកប្រេង អាហារ និងទឹកទៅឱ្យអ្នកនេសាទហ្វីលីពីននៅប្រជុំកោះ Scarborough Shoal ។

លោកម៉ាកូសបាននិយាយកាលពីថ្ងៃចន្ទថា «យើងនឹងមិនដើរតាមឆ្មាំសមុទ្រចិន និងនាវាចិននៅទីនោះទេ» នៅពេលសួរថាតើរដ្ឋាភិបាលក្រុងម៉ានីលនឹងចាប់ផ្តើមប្រើកាណុងបាញ់ទឹកលើនាវាឆ្មាំសមុទ្ររបស់ចិនដើម្បីសងសឹកដែរឬយ៉ាងណា។

«វាមិនមែនជាបេសកកម្មរបស់កងទ័ពជើងទឹករបស់យើង ឆ្មាំសមុទ្ររបស់យើងដើម្បីចាប់ផ្តើម ឬបង្កើនភាពតានតឹងនោះទេ…យើងគ្មានចេតនាវាយប្រហារនរណាម្នាក់ដោយប្រើកាណុងបាញ់ទឹក ឬការវាយលុកណាមួយផ្សេងទៀត(ឧបករណ៍) នោះទេ»៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *