អ្នកស្រុកប្រទះឃើញគ្រោងឆ្អឹងសាកសពមនុស្សម្នាក់ អាចស្លាប់ពី៣ទៅ៥ខែ

ភ្នំពេញ ៖ អ្នកស្រុកប្រទះឃើញគ្រោងឆ្អឹងសាកសពមនុស្សម្នាក់(មិនទាន់ដឹងថាប្រុសឬស្រី)នៅបឹងដែលគេកំពុងចាក់ដីលុប នៅចំណុចក្នុងបឹងកំពុងចាក់ដីលុប ភូមិខ្វារ សង្កាត់-ខណ្ឌដង្កោ កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី០៦ ខែឧសភាឆ្នាំ២០២៤ ហើយបើតាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញថា«សពអាចស្លាប់ប្រហែលពី៣ទៅ៥ខែ»កន្លងទៅ។

យោងតាមការបំភ្លឺពីឈ្មោះ ហម គឹមហុង ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅក្បែរកន្លែងកើតហេតុបានឱ្យដឹងថា កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ខ្ញុំបានឮក្មេងៗនិយាយគ្នាថាមានក្លិនស្អុយ និងសាកសពនៅក្នុងបឹងកន្លែងកើតហេតុ តែខ្ញុំមិនជឿ និងមិនបានទៅមើលទេ។លុះដល់វេលាម៉ោងប្រហែល៣រសៀល ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ ស្រាប់តែមានមនុស្សផ្អើលឆោឡោថាមានគ្រោងឆ្អឹងសាកសពនៅកន្លែងកើតហេតុ ទើបខ្ញុំបានទៅមើលឃើញមានគ្រោងសាកសពមែន ទើបផ្ដល់ដំណឹងឱ្យសមត្ថកិច្ច។

នៅកន្លែងកើតហេតុសមត្ថកិច្ចពិនិត្យឃើញបឹងមានសភាពគោករីងទឹក ហើយមានដុះស្មៅ និង ត្រកួន, ហើយនៅជុំវិញបឹងមានចាក់ដីដើម្បីលុបបឹង, នៅក្នុងបឹងនេះ មានចម្ងាយពីដីកំពុងចាក់ប្រមាណប្រវែង២០ម៉ែត្រ ក៏ឃើញមានគ្រោងឆ្អឹងសាកសពផ្កាប់មុខ ប្រឡាក់ជាប់ដីភក់ និង មានដុះស្មៅត្រកួនពីលើ។

សមត្ថកិច្ចបន្តថា គ្រោងឆ្អឹងសាកសពពាក់អាវយឺតដៃខ្លីពណ៌ខ្មៅ ស្លៀកខោជើងវែងចង្កេះកៅស៊ូពណ៌ខ្មៅពីក្រៅ, ស្លៀកខោជើងខ្លីចង្កេះកៅស៊ូពណ៌ខ្មៅពីក្នុង, ស្ថានភាពសាកសពនៅសល់តែគ្រោងឆ្អឹងជាប់សាច់រលួយមួយចំនួន។លលាដ៍ក្បាលពុំមានស្លាកស្នាមអ្វីទេ, នៅលលាដ៍ក្បាលខាងក្រោយមានជាប់ស្បែកក្បាល និងមានសក់ស្កូវមួយចំនួន។

សមត្ថកិច្ចជំនាញមិនអាចសន្និដ្ឋានបានទេចំពោះការស្លាប់នេះ តែបានព្យាករណ៍ថា«សពអាចស្លាប់ប្រហែល៣ទៅ៥ខែ»។យ៉ាងណាក៏ដោយសមត្ថកិច្ចមិនទាន់សន្និដ្ឋនច្បាស់ថា «សពជាបុរសឬក៏ជាស្ត្រីនៅឡើយ»។សាកសពប្រគល់ឱ្យនគរបាលប៉ុស្តិ៍ដើម្បីបន្តនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *