នគរបាលព្រហ្មទណ្ឌ ចុះបង្ក្រាបទីតាំងទទួលបញ្ចាំម៉ូតូ ០២កន្លែង ដកហូតម៉ូតូចំនួន ជាង៤០០គ្រឿងនិងឃាត់ខ្លួនមនុស្ស៧នាក់

ភ្នំពេញ  ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃក្រសួងមហាផ្ទៃ បានចុះឡោមព័ទ្ធនៅទីតាំងទទួលបញ្ចាំចំនួន០២ទីតាំងនៅតំបន់ឃ្លាំងរំសេវដោយឃាត់ខ្លួនមនុស្ស៧ នាក់និងដកហូតម៉ូតូដែលពុំមានឯកសារត្រឹមត្រូវជាង៤០០គ្រឿង និង ស្លាកលេខម៉ូតូជាង៦០បន្ទះ នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤នេះ នៅម្តុំឃ្លាំងម៉ូតូ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ។

តាមប្រភពព័ត៌មានពីមន្ត្រីជំនាញបានឲ្យដឹងថា កាលពីប៉ុន្មានថ្ងៃមុនកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃក្រសួងមហាផ្ទៃសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ បានឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងករណីកាប់ប្លន់ រួចក៏បានធ្វើការសាកសួរ ហើយជនសង្ស័យបានសារភាពថា«ម៉ូតូដែលខ្លួនកាប់ប្លន់បាន យកទៅបញ្ចាំនៅទីតាំងទទួលបញ្ចាំ នៅម្ដុំឃ្លាំងរំសេវខាងលើ»។

ក្រោយមកកម្លាំងនគរបាលជំនាញបានធ្វើការស្រាវជ្រាវរហូតដល់កំណត់បានទីតាំងដែលជនសង្ស័យបានយកម៉ូតូដែលកាប់ប្លន់បាននោះយកមកបញ្ចាំចំនួនពីរទីតាំង។ 

សមត្ថកិច្ចបន្តថា ទីតាំងទីមួយដែលស្ថិតនៅទីតាំងឃ្លាំងលេខ៥ កម្លាំងសមត្ថកិច្ចបានដកហូតម៉ូតូចំនួន៩២គ្រឿង ក្នុងនោះ មានឯកសារត្រឹមត្រូវចំនួន៨គ្រឿង និងគ្មានឯកសារចំនួន៨៤គ្រឿង។ ចំណែកម៉ូតូយកទៅរក្សាទុកនៅក្នុងបរិវេណអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីចាត់បន្ត។

ចំណែកទីតាំងទី០២ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២០២ ក្បែរនិងសាលារៀនទឹកល្អក់ កម្លាំងសមត្ថកិច្ចបានរកឃើញម៉ូតូជាង៤០០គ្រឿងត្រូវបានកម្លាំងសមត្ថកិច្ច ធ្វើការឃ្លុំបេ ទីតាំងទទួលបញ្ចាំនោះសិន ដោយរង់ចាំអនុវត្តតាមនីតិវិធីបន្ត៕(ដោយ គា សំណាង)

Leave a Reply

Your email address will not be published. Required fields are marked *