ខ្មាន់កាំភ្លើងបាញ់បង្ករបួសដល់បុរសម្នាក់ ត្រូវបានឃាត់ខ្លួនក្រោយបាញ់តដៃជាមួយសមត្ថកិច្ច

ភ្នំពេញ ៖ ជនសង្ស័យជាខ្មាន់កាំភ្លើងក្រោយបាញ់តដៃជាមួយសមត្ថកិច្ចអស់ជាច្រើនគ្រាប់ត្រូវបានកម្លាំងសមត្ថកិច្ចឡោមព័ទ្ធឃាត់ខ្លួនបានភ្លាមៗ បញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី នៅវេលាម៉ោង ០៦ល្ងាចថ្ងៃទី០៧ ខែឧសភា ឆ្នាំ ២០២៤ នៅចំណុចផ្សារសាំហាន់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។

សមត្ថកិច្ចបានឱ្យដឹងថា កម្លាំងនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ បានឡោមព័ទ្ធទីតាំងមួយកន្លែងក្បែរផ្សារសាំហាន់ដើម្បីឃាត់ខ្លួនខ្មាន់កាំភ្លើងពាក់ព័ន្ធករណីបាញ់បណ្ដាលឲ្យបុរសម្នាក់ទៀតរងរបួសចង្កេះ។ តែក្នុងប្រតិបត្តិការឡោមព័ទ្ធនេះខ្មាន់កាំភ្លើងបានបាញ់តដៃជាមួយនឹងសមត្ថកិច្ចជាច្រើនគ្រាប់រហូតដល់អស់គ្រាប់ទើបកម្លាំងសមត្ថកិច្ចឈានចូលដល់ការឃាត់ខ្លួននិងដកហីតកាំភ្លើងនេះបាន។

សមត្ថកិច្ចបន្តថា កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ មានបុរសម្នាក់បានដកកាំភ្លើងខ្លីបាញ់ជាច្រើនគ្រាប់ចំយុវជនម្នាក់ បណ្តាលឲ្យរងរបួសដោយសារខឹងក្មេងៗលេងឈូសសើចឌឺដង ស្របពេល កំពុងឈ្លោះជាមួយប្រពន្ធ ដែលហេតុការណ៍ខាងលើនេះបានកើតឡើងនៅស្តុប R3 ច្រកចូលបឹងកក់ ក្នុងមូលដ្ឋានសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យ៉ាងណាក៏ដោយ ភ្លាមៗនោះសមត្ថកិច្ចមិនទាន់បង្ហាញពីអត្តសញ្ញាណជនសង្ស័យនៅឡើយ ៕ (ដោយ ៖ BBN03)

Leave a Reply

Your email address will not be published. Required fields are marked *