ឈ្លោះខឹងប្រពន្ធចាក់ខ្លួនឯងប៉ុនប៉ងធ្វើអត្តឃាត ពីរករណីផ្សេងគ្នា ក្នុងពេលតែមួយ

ភ្នំពេញ ៖ បុរស២នាក់ផ្សេងគ្នា សុទ្ធតែចិត្តខ្លាំងដូចគ្នា ក្រោយពីផ្ទុះជម្លោះជាមួយប្រពន្ធ តូចចិត្តខ្លួនឯង ក៏យកកន្ត្រៃកូនកាំបិត ចាក់ក ពោះ ប៉ុនប៉ងសម្លាប់ខ្លួនដូចគ្នា ក្នុងពេលតែមួយ កើតឡើងកាលពីវេលាម៉ោង៤និង៤០នាទីរសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវបេតុងក្រុម៤ ភូមិព្រៃព្រីងជើង២ និងមួយករណីទៀត នៅទីឈាបនដ្ឋាន ក្នុងវត្តជម្ពូវ័ន ភូមិជម្ពូវ័ន១ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

ករណីទី១-ជនរងគ្រោះឈ្មោះ សុខ ចាន់ដារិទ្ធ ភេទប្រុស អាយុ៣៥ឆ្នាំ (ប្រើប្រាស់គ្រឿងញៀន) មុខរបររត់ម៉ូតូកង់បីស្នាក់នៅជាមួយបងប្រុស ក្នុងភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ បើតាមប្រភពបានឱ្យដឹងថាមុនកើតហេតុ ជនរងគ្រោះបើកម៉ូតូកង់បី ពណ៌លឿង ពាក់ស្លាកលេខ កំពង់ស្ពឺ 1N-5149 ដឹកប្រពន្ធ បើកតាមផ្លូវបេតុងពីលិចទៅកើតសុខៗ ស្រាប់តែផ្ទុះជម្លោះជាមួយប្រពន្ធ ដោយខឹងប្រពន្ធដៀលត្មេះ តូចចិត្តខ្លួនឯង យកកន្ត្រៃចាក់ក ចាក់ដៃ ពោះខ្លួនឯង ឈាមហូរស្រោចខ្លួន បង្កឱ្យភ្ញាក់ផ្អើល ហើយប្រពន្ធរត់គេចទៅបាត់ ។ចំណែកជនរងគ្រោះទុកម៉ូតូកង់បីចោល ដើរទៅផ្ទះក្បែរនោះបាត់ ធ្វើឱ្យបងប្អូនហួសចិត្ត លួងនាំទៅពេទ្យ ។

ករណីទី២-កើតឡើងដំណាលគ្នាដែរនោះ ជនរងគ្រោះឈ្មោះ ពុធ សីហា ភេទប្រុស អាយុ៣១ឆ្នាំ (ប្រើប្រាស់គ្រឿងញៀន) ស្នាក់នៅផ្ទះជួលក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត នៅក្រុងដូនកែវ ខេត្តតាកែវ ។  

ជនរងគ្រោះទី២នេះ កន្លងមកធ្លាប់ប៉ុនប៉ងលេបថ្នាំសម្លាប់ខ្លួនម្តងហើយ តែបងប្អូនជួយទាន់ ស្រាប់តែនៅរសៀលថ្ងៃនេះ ជនរងគ្រោះផ្ទុះជម្លោះជាមួយប្រពន្ធ ខឹងប្រពន្ធ បងប្អូនស្តីបន្ទោស រឿងមិនខំប្រឹងធ្វើការងារ កន្លងមក ក៏ទាញម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JI-4463 ជិះចូលទៅក្នុងបរិវេណវត្តជម្ពូវ័ន ចូលដល់ឈាបនដ្ឋានទាញកូនកាំបិតចុងស្រូច ចាក់ពោះខ្លួនឯង ច្រើនកាំបិត ប៉ុនប៉ងសម្លាប់ខ្លួន តែមិនស្លាប់ ឈាមហូរស្រោច ផ្អើលកម្មករសំណង់ ព្រះសង្ឃ ហើយត្រូវបានបងប្អូនទៅដល់ ដឹកតាមម៉ូតូកង់បី យកទៅគ្លីនិកឡាំប៊ុនថន ។

ករណីចាក់ខ្លួនឯង ប៉ុនប៉ងសម្លាប់ ២ករណីផ្សេងគ្នា ក្នុងពេលតែមួយ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យដូចគ្នាមានជនរងគ្រោះទាំង២នាក់ រងរបួសធ្ងន់ដូចគ្នា បងប្អូនយកទៅពេទ្យដោយខ្លួនឯង ៕(ដោយ ៖ BBN19)

Leave a Reply

Your email address will not be published. Required fields are marked *