ចាប់បានមន្រ្តីយោធាម្នាក់ ដែលបាញ់បណ្ដាលឲ្យមនុស្ស៣នាក់រងរបួស នៅសង្កាត់ស្រះចក

ភ្នំពេញ ៖ កម្លាំងជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវបង្ក្រាបបាន ជនដៃដល់ក្នុងករណីបាញ់ បណ្ដាលឱ្យមនុស្ស០៣នាក់រងរបួស កាលពីវេលា ម៉ោង០១និង២០នាទីទៀបភ្លឺ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចបឹងកក់ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ បន្ទាប់ពីធ្វើសកម្មភាពរួចជនសង្ស័យខាងលើ បានជិះរថយន្ត ០១គ្រឿងម៉ាក NISSAN ពណ៌ទឹកប្រាក់ រត់គេចខ្លួនបាត់។

ក្រោយពីទទួលបានព័ត៌មានភ្លាម ដោយអនុវត្តតាមបទបញ្ជាពីថ្នាក់ដឹកនាំ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រើវិធានការជំនាញ ស្រាវជ្រាវតាមនីតិវិធី រហូតដល់វេលាម៉ោង០៧និង៣០នាទីយប់ នាថ្ងៃដដែល កម្លាំងជំនាញឈានដល់នាំខ្លួន បានជនសង្ស័យចំនួន១នាក់ ឈ្មោះ ថុល តាំង ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីយោធា នាយកដ្ឋានសណ្តាប់ធ្នាប់ ក្រសួងការពារជាតិ នៅត្រង់ចំណុចសង្កាត់ទន្លេរបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បន្ទាប់ធ្វើការសាកសួរ ជនសង្ស័យខាងលើបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពប្រើប្រាស់អាវុធខ្លីម៉ាក Glock បាញ់ទៅលើជនរងគ្រោះពិតប្រាកដមែន។ មូលហេតុដោយសារតែយុវជននោះ និងបក្ខពួកជាច្រើននាក់ប៉ុនប៉ងប្លន់ទ្រព្យសម្បត្តិសង្សារបស់ខ្លួន។ មធ្យោបាយ និងវត្ថុតាងដកហូតបានរថយន្តប្រព្រឹត្តបទល្មើស ម៉ាក Nissan (Pick up) ពណ៌ទឹកប្រាក់ និងអាវុធខ្លី១ដើម ម៉ាក GLOCK។

បច្ចុប្បន្ននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កំពុងរៀបចំបញ្ជូនជនសង្ស័យខាងលើ ដើម្បីបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី៕ ដោយ ៖ គា សំណាង 

Leave a Reply

Your email address will not be published. Required fields are marked *