រថយន្តកូរ៉េដឹកមាន់ អ្នកបើកបរងងុយដេកងោកមួយភាំង រេចង្កូតធ្លាក់ចូលប្រឡាយទឹកស្អុយ របួសជើង៣នាក់

ភ្នំពេញ ៖ រថយន្តកូរ៉េដឹកមាន់មួយគ្រឿង អ្នកបើកបរងងុយដេក ងោកមួយភាំងរេចង្កូតធ្លាក់ចូលប្រឡាយទឹកស្អុយ ខ្ចាយបែកភក់ឡើងទៅលើផ្លូវ របួសជើងស្រាល៣នាក់ កាលពីវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤នៅតាមផ្លូវជាតិលេខ៤ មុខសាលារៀនអូរដឹម ភូមិអូរដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

រថយន្តជួបគ្រោះថ្នាក់ កូរ៉េ ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3F-9286 ដឹកកេសមាន់ បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយកម្មករ៥នាក់ទៀត ។

តាមប្រភពពីកម្មករ បានឱ្យដឹងថា មុនកើតហេតុ រថយន្ត ទាំងអ្នកបើក ទាំងកម្មករ សរុបគ្នា៦នាក់ វិលត្រឡប់មកពីដឹកមាន់ដាក់ឱ្យម៉ូយវិញ បើកបរតាមបណ្តោយផ្លូវជាតិលេខ៤ ពីកើតទៅលិច ដល់ចំណុចកើតហេតុ អ្នកបើកបរងងុយដេកងោកមួយភាំង រេចង្កូតធ្លាក់ចូលក្នុងប្រឡាយទឹកស្អុយ ខ្ទាតខ្ចាយភក់ឡើងទៅលើផ្លូវ របួសជើងស្រាល៣នាក់ ខ្ទេចកាប៊ីនរថយន្ត ។

ក្រោយកើតហេតុ កម្លាំងអាជ្ញាធរខណ្ឌពោធិសែនជ័យ ដឹកនាំដោយលោកប៉ាង លីដា អភិបាលរងខណ្ឌ ចុះទៅដល់ទីតាំងកើតហេតុ ដោយភក់ខ្ចាយខ្ទាតប្រឡាក់ពេញផ្លូវ លោកបានយករថយន្តដឹកទឹកមួយគ្រឿង ទៅបាញ់លាងសម្អាតផ្លូវឡើងវិញ ។

រថយន្តខាងលើ ជួបគ្រោះថ្នាក់ដោយខ្លួនឯង សមត្ថកិច្ចឱ្យម្ចាស់ហៅរករថយន្តស្ទូចទៅលើកចេញពីក្នុងប្រឡាយ ដើម្បីយកទៅជួសជុលដោយខ្លួនឯង ៕(ដោយ គា សំណាង)

Leave a Reply

Your email address will not be published. Required fields are marked *