ចិន​ចាប់ផ្តើម​ថ្ងៃ​ទី​ពីរ​ នៃ​សមយុទ្ធជុំវិញ​កោះ​តៃវ៉ាន់​

ចិន ៖ យោធារបស់ចិនបានចាប់ផ្តើមថ្ងៃទីពីរនៃសមយុទ្ធនៅជុំវិញកោះតៃវ៉ាន់នៅថ្ងៃសុក្រ ទី២៤ ឧសភាឆ្នាំ២០២៤នេះជាមួយនឹងសមយុទ្ធជាច្រើនដើម្បីសាកល្បងសមត្ថភាពរបស់ពួកគេក្នុងការ «ដណ្តើមអំណាច»និងគ្រប់គ្រងតំបន់សំខាន់ៗ ជាសមយុទ្ធដែលយោធាចិននិយាយថាបានចាប់ផ្តើមដើម្បីដាក់ទណ្ឌកម្មប្រធានាធិបតីតៃវ៉ាន់លោក Lai Ching-te ។

សមយុទ្ធរយៈពេលពីរថ្ងៃនៅច្រកសមុទ្រតៃវ៉ាន់ និងជុំវិញក្រុមកោះដែលគ្រប់គ្រងដោយតៃវ៉ាន់នៅជិតឆ្នេរសមុទ្រចិនបានចាប់ផ្តើមត្រឹមតែបីថ្ងៃបន្ទាប់ពីលោក Lai ចូលកាន់តំណែង។

ចិន ដែលចាត់ទុកតៃវ៉ាន់ថាជាទឹកដីរបស់ខ្លួន ហើយបរិហារលោក Lai ថាជា «ជនបំបែកខ្លួន» នោះ បានរអ៊ូរទាំក្នុងសុន្ទរកថាបើកសម្ពោធតំណែងរបស់លោកកាលពីថ្ងៃចន្ទ ដែលក្នុងនោះលោកបានជំរុញឱ្យរដ្ឋាភិបាលក្រុងប៉េកាំងបញ្ឈប់ការគំរាមកំហែងរបស់ខ្លួន ហើយបាននិយាយថា ភាគីទាំងពីរនៃច្រកសមុទ្រនេះ «មិនចំណុះឲ្យគ្នានោះទេ»។

បញ្ជាការភូមិភាគខាងកើតនៃកងទ័ពរំដោះប្រជាជនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា កងកម្លាំងរបស់ខ្លួនកាលពីថ្ងៃសុក្របានបន្តជាមួយនឹងសមយុទ្ធរបស់ពួកគេដែលមានឈ្មោះថា «Joint Sword – 2024A»។

សមយុទ្ធនេះគឺដើម្បី «សាកល្បងសមត្ថភាពរួមគ្នាដើម្បីដណ្តើមអំណាច បើកការវាយប្រហាររួមគ្នា និងកាន់កាប់តំបន់សំខាន់ៗ»៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *