លោកហ្សេលេនស្គីចោទចិនថា ៖ ដាក់សម្ពាធលើប្រទេសដទៃកុំឲ្យចូលរួមកិច្ចពិភាក្សាសន្តិភាពអ៊ុយក្រែន

បរទេស ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានចោទប្រកាន់ចិនកាលពីថ្ងៃអាទិត្យ ទី ២ ខែមិថុនាឆ្នាំៗ០២៤ថា បានជួយរុស្ស៊ីក្នុងការរំខានដល់សន្និសីទសន្តិភាព ដែលរៀបចំដោយស្វីសនាពេលខាងមុខស្តីពីសង្គ្រាមនៅអ៊ុយក្រែន។

ថ្លែងនៅក្នុងសន្និសីទសន្តិសុខកំពូលរបស់អាស៊ី លោកហ្សេលេនស្គីបាននិយាយថា ចិនកំពុងដាក់សម្ពាធប្រទេសផ្សេងទៀត និងមេដឹកនាំរបស់ពួកគេកុំឱ្យចូលរួមកិច្ចពិភាក្សានាពេលខាងមុខ។ គាត់​មិន​បាន​និយាយ​ថា​ប្រទេសមួយ​ណា​នោះទេ។

លោកបាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅឯវេទិកាការពារជាតិ Shangri-La ក្នុងប្រទេសសិង្ហបុរីថា «រុស្ស៊ីប្រើប្រាស់ឥទ្ធិពលចិននៅក្នុងតំបន់ ដោយប្រើអ្នកការទូតចិនផងដែរ ដើម្បីធ្វើអ្វីគ្រប់យ៉ាងដើម្បីរំខានដល់កិច្ចប្រជុំកំពូលសន្តិភាព»។ 

លោកបន្តថា «គួរឲ្យសោកស្តាយ នេះជារឿងអកុសល ដែលប្រទេសមហាអំណាចឯករាជ្យដ៏ធំមួយ ដូចជាចិន គឺជាឧបករណ៍មួយនៅក្នុងដៃរបស់ (មេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀ) ពូទីន»។

ចិនបានឈរលើអ្វីដែលខ្លួននិយាយថា ជាជំហរអព្យាក្រិត្យលើសង្រ្គាម ដោយដាក់ចិនខ្វែងគំនិតគ្នាជាមួយអ៊ុយក្រែនសហរដ្ឋអាមេរិក និង អឺរ៉ុបភាគច្រើន។

ពាណិជ្ជកម្មរបស់ចិនជាមួយរុស្ស៊ីបានរីកចម្រើនខ្លាំង ដោយបន្ធូរបន្ថយផលប៉ះពាល់សេដ្ឋកិច្ចនៃទណ្ឌកម្មរបស់លោកខាងលិច ហើយទីភ្នាក់ងារចារកម្មអាមេរិក អ៊ុយក្រែន និងប្រទេសផ្សេងទៀតនិយាយថា មានភស្តុតាងដែលថាខាងចិនកំពុងបង្កើនអាវុធដល់រុស្ស៊ី បើទោះបីជាចិនមិនបានបំពាក់អាវុធដោយផ្ទាល់ដល់ប្រទេសជិតខាងនេះក៏ដោយ។

ស្វីសសង្ឃឹមថា ចិននឹងចូលរួមសន្និសីទសន្តិភាពនៅពាក់កណ្តាលខែមិថុនា ប៉ុន្តែអ្នកនាំពាក្យក្រសួងការបរទេសចិនលោក Mao Ning បានផ្តល់សញ្ញាកាលពីថ្ងៃសុក្រថា វាមិនទំនងនោះទេ។ ចិនបាននិងកំពុងអំពាវនាវឱ្យមានសន្និសីទសន្តិភាពដោយមានការចូលរួមស្មើៗគ្នាពីគ្រប់ភាគី រួមទាំងរុស្ស៊ីផងដែរ ដែលមិនត្រូវបានអញ្ជើញ៕(ប្រែសម្រួលដោយលោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *