ពូទីន គំរាមបំពាក់អាវុធដល់ប្រទេសណា ដែលអាចបាញ់ដល់គោលដៅលោកខាងលិច

បរទេស ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃពុធ ទី៥ ខែមិថុនា ឆ្នាំ២០២៤បានរិះគន់ការបញ្ជូនអាវុធចម្ងាយឆ្ងាយរបស់លោកខាងលិចទៅកាន់អ៊ុយក្រែន ដោយលើកហេតុផលថា «រដ្ឋាភិបាលក្រុងមូស្គូអាចបំពាក់អាវុធដល់ប្រទេសដទៃនូវអាវុធស្រដៀងគ្នាដើម្បីវាយប្រហារគោលដៅលោកខាងលិច»។

ការអត្ថាធិប្បាយ ដែលលោកពូទីនបានធ្វើនៅក្នុងសន្និសីទសារព័ត៌មានដ៏កម្រមួយជាមួយសារព័ត៌មានបរទេស បានធ្វើឡើងបន្ទាប់ពីប្រទេសលោកខាងលិចជាច្រើនរួមទាំងសហរដ្ឋអាមេរិក បានផ្តល់ភ្លើងខៀវឱ្យអ៊ុយក្រែនវាយប្រហារលើគោលដៅនៅក្នុងប្រទេសរុស្ស៊ី ដែលជាអំពើមួយដែលរដ្ឋាភិបាលក្រុងមូស្គូហៅថាជាការគិតខុសដ៏ធ្ងន់ធ្ងរ។

លោកពូទីននិយាយថា «ប្រសិនបើគេគិតថាវាអាចទៅរួចក្នុងការផ្គត់ផ្គង់អាវុធបែបនេះទៅកាន់តំបន់សង្រ្គាមដើម្បីវាយប្រហារទឹកដីរបស់យើង និងបង្កើតបញ្ហាសម្រាប់ពួកយើង ហេតុអ្វីបានជាយើងមិនមានសិទ្ធិផ្គត់ផ្គង់អាវុធប្រភេទដូចគ្នាទៅកាន់តំបន់នៃពិភពលោកដែលនឹងមានការវាយប្រហារលើទីតាំងរសើបៗរបស់បណ្តាប្រទេសលោកខាងលិច»។

លោកបានប្រាប់អ្នកយកព័ត៌មានថា «ពិតណាស់ ការឆ្លើយតបអាចស៊ីមេទ្រីគ្នាហើយ។ យើងនឹងគិតអំពីវា»។

លោកពូទីនបាននិយាយថា «ការបញ្ជូនអាវុធទៅកាន់តំបន់សង្រ្គាមតែងតែជារឿងអាក្រក់។ កាន់តែអាក្រក់ទៅទៀតនោះ ប្រសិនបើអ្នកដែលកំពុងផ្តល់អាវុធមិនមែនគ្រាន់តែផ្តល់អាវុធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគ្រប់គ្រងវាទៀត។ នេះគឺជាជំហានដ៏ធ្ងន់ធ្ងរ និងគ្រោះថ្នាក់បំផុត»។

មេដឹកនាំរុស្ស៊ីបានចុចចំៗឈ្មោះអាល្លឺម៉ង់ ដោយនិយាយថា នៅពេលដែលរថក្រោះផ្គត់ផ្គង់ដោយអាល្លឺម៉ង់ដំបូង«បានបង្ហាញខ្លួននៅលើទឹកដីអ៊ុយក្រែន វាបានបង្កឱ្យមានការភ្ញាក់ផ្អើលខាងសីលធម៌ និងស្មារតីនៅក្នុងប្រទេសរុស្ស៊ី»ដោយសារតែកេរ្តិ៍ដំណែលនៃសង្គ្រាមលោកលើកទីពីរ។

ដោយសំដៅទៅលើអាជ្ញាធរអាល្លឺម៉ង់ លោកបាននិយាយថា «នៅពេលដែលពួកគេនិយាយថានឹងមានកាំជ្រួចបន្ថែមទៀតដែលនឹងបាញ់ដល់គោលដៅនៅលើទឹកដីរុស្ស៊ី វាបានបំផ្លាញទំនាក់ទំនងរុស្ស៊ី-អាល្លឺម៉ង់យ៉ាងច្បាស់ទៅហើយ»៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *