បើឈ្នះឆ្នោត លោកត្រាំនឹងដាក់ពន្ធលើប្រទេសទាំងឡាយរួមទាំងចិន ជុំវិញអន្តោប្រវេសន៍ខុសច្បាប់

អាមេរិក ៖ បេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ លោកដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី៦ មិថុនាឆ្នាំ២០២៤ថា «លោកអាចនឹងដាក់ពន្ធលើប្រទេសនានា រួមទាំងប្រទេសចិនផងដែរ ដែលមិនទប់ស្កាត់លំហូរជនអន្តោប្រវេសន៍ដែលគ្មានឯកសារពីទឹកដីរបស់ពួកគេទៅកាន់សហរដ្ឋអាមេរិក ប្រសិនបើលោកឈ្នះការបោះឆ្នោតសហរដ្ឋអាមេរិកនៅខែវិច្ឆិកាខាងមុខ»។

លោកត្រាំបានធ្វើការកត់សម្គាល់បែបនេះនៅក្នុងព្រឹត្តិការណ៍មួយនៅក្នុងសមរភូមិបោះឆ្នោតព្រំដែនរដ្ឋ Arizona ខណៈពេលឆ្លើយតបទៅនឹងសំណួររបស់ទស្សនិកជន ហើយមិនបានបញ្ជាក់ពីទំហំនៃពន្ធដែលលោកនឹងដាក់ក្នុងសេណារីយ៉ូបែបនេះទេ។

នៅពេលសួរអំពីវិធីដែលលោកនឹងទប់ស្កាត់លំហូរជនចំណាកស្រុកឆ្លងចូលសហរដ្ឋអាមេរិកដោយខុសច្បាប់ លោកត្រាំបាននិយាយថា «យើងមានអំណាចសេដ្ឋកិច្ចយ៉ាងខ្លាំង។ ប្រសិនបើប្រទេសមួយ ដូចជាចិន មិនជួយទប់ស្កាត់លំហូរនៃជនអន្តោប្រវេសន៍ចូលទៅក្នុងសហរដ្ឋអាមេរិក យើងមានរបស់ទាំងនេះ ហៅថា ពន្ធ»។

លោកត្រាំបានព្រមានថា ប្រសិនបើប្រទេសផ្សេងទៀតមិនជួយកាត់បន្ថយវាទេនោះគាត់អាច «យកពន្ធយ៉ាងសាហាវពីប្រទេសទាំងនោះ»ប្រសិនបើជាប់ឆ្នោតម្តងទៀត។

សន្តិសុខតាមព្រំដែន និងអន្តោប្រវេសន៍បានលេចចេញជាបញ្ហាកំពូលសម្រាប់ជនជាតិអាមេរិកនៅក្នុងការបោះឆ្នោតរហូតដល់ថ្ងៃទី ៥ ខែវិច្ឆិកា ដែលលោកត្រាំនឹងប្រឈមមុខនឹងប្រធានាធិបតីអាមេរិក ចូ​ បៃដិន របស់បក្សប្រជាធិបតេយ្យនៅក្នុងការប្រជែងសងសឹកសម្រាប់តំណែងនៅសេតវិមានកាលពីឆ្នាំ ២០២០ របស់ពួកគាត់៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *