ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ សូមកុំធ្វើជាមន្ត្រីជើង១០ អង្គុយតែក្នុងការិយាល័យ

ព្រៃវែង ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានគូសបញ្ជាក់ថា សូមកុំធ្វើជាមន្ត្រីជើង១០ អង្គុយតែក្នុងការិយាល័យ រង់ចាំចុះហត្ថលេខាលើឯកសារ ឬរបាយការណ៍លទ្ធផលការងារពីមន្ត្រីថ្នាក់ក្រោម។ 

ការថ្លែងបែបនេះ ក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ដើម្បីបូកសរុបវឌ្ឍនភាពការងារប្រចាំត្រីមាស នារសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ នៅសាលាខេត្តព្រៃវែង។

ឯកឧត្តមអភិសន្តិបណ្ឌិត បានណែនាំដល់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រៃវែងទាំងអស់ ត្រូវសិក្សា ស្រាវជ្រាវ តាមដាន និងវាយតម្លៃសមិទ្ធផលការងារ នៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីចូលរួមអនុវត្តឱ្យបានជោគជ័យនូវកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

លើសពីនេះ ឯកឧត្តមអភិសន្តិបណ្ឌិត បានជំរុញឱ្យមន្ត្រីទាំងអស់ កុំធ្វើជាមន្ត្រីជើង១០ ដែលអង្គុយតែក្នុងការិយាល័យ រង់ចាំតែចុះហត្ថលេខាលើឯកសារ ឬរបាយការណ៍លទ្ធផលការងារពីមន្ត្រីថ្នាក់ក្រោម ។ ត្រូវចុះជួយមូលដ្ឋាន ឱ្យជាប់ជាមួយនឹងប្រជាពលរដ្ឋ ហើយមន្ត្រីថ្នាក់ក្រោមជាតិទាំងអស់ ក៏ត្រូវចុះអនុវត្តការងារផ្ទាល់នៅតាមមូលដ្ឋាន ដើម្បីសិក្សាពីបញ្ហាប្រឈមនានា ដែលប្រជាពលរដ្ឋបានជួបប្រទះបញ្ហា និងវាយតម្លៃសមិទ្ធផលការងារ នៃការអនុវត្តគោលនយោបាយ ក៏ដូចជាដាក់ចេញគោលនយោបាយថ្មីៗ សម្រាប់ដោះស្រាយបញ្ហាប្រឈមទាំងអស់នោះ ឱ្យមានប្រសិទ្ធភាពជូនប្រជាពលរដ្ឋ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបន្តជំរុញនិងលើកទឹកចិត្តផ្សព្វផ្សាយឌីជីថល ដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ឱ្យចូលរួមអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ បង្រ្កាបបទល្មើសគ្រប់ប្រភេទនៅតាមមូលដ្ឋានរៀងៗខ្លួន ពិសេសបទល្មើសគ្រឿងញៀនខុសច្បាប់ ក្មេងទំនើង ការជួញដូរមនុស្ស សកម្មភាពលួច ឆក់ ប្លន់ និងល្បែងស៊ីសងខុសច្បាប់នៅគ្រប់មូលដ្ឋាន។

គួរបញ្ជាក់ជូនថា ការចុះមូលដ្ឋានរបស់ក្រុមការងាររាជរដ្ឋាភិបាល គឺជាយន្តការមួយក្នុងការជួយជំរុញសកម្មភាពចុះមូលដ្ឋានរបស់មន្ត្រីថ្នាក់ក្រោមជាតិ និងការជួយដោះស្រាយបញ្ហាប្រឈមមួយចំនួន សំដៅជួយលើកកម្ពស់ប្រសិទ្ធភាពការងារ លើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងជំរុញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច៕ ដោយ ៖ ហួត សម្បត្តិ 

Leave a Reply

Your email address will not be published. Required fields are marked *