ឃាត់ខ្លួនជនល្មើសជនជាតិវៀតណាម ៨នាក់ ជាមួយគ្រឿងញៀនជាង១០គីឡូក្រាម និងសារធាតុគីមីផ្សំជាង ៣០គីឡូក្រាម

ភ្នំពេញ ៖ ជនល្មើសជនជាតិវៀតណាម ៨នាក់ត្រូវបានកម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបជាមួយគ្រឿងញៀនជាង១០គីឡូក្រាម និងសារធាតុគីមីផ្សំជាង ៣០គីឡូក្រាម ហើយបានបង្ហាញមុខនាថ្ងៃទី៩មិថុនាឆ្នាំ២០២៤នេះ ។

សមត្ថកិច្ចនិយាយថា នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១០យប់ កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក១០) សហការជាមួយនគរបាលរាជធានីភ្នំពេញ ដោយមានការដឹកនាំនិងសម្របសម្រួលដោយលោកគឹម ហុងសាន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានី បានចុះស្រាវជ្រាវស៊ើបអង្កេតរហូតឈានទៅបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅ៤គោលដៅ។

សមត្ថកិច្ចបន្តថា គោលដៅទី១ នៅចំណុចតាមបណ្តោយផ្លូវលេខ៤៣២ ក្បែរផ្សារទួលទំពូង សង្កាត់ទួលទំពូង២ខណ្ឌចំការមន , គោលដៅទី២ នៅចំណុចតាមបណ្តោយផ្លូវលេខ១៨២ ក្បែរស្តុបផ្សារដេប៉ូ សង្កាត់វាលវង់ខណ្ឌ៧មករា , គោលដៅទី៣ នៅលេខបន្ទប់ B១៥ ជាន់ទី១៥ ក្នុងលំនៅដ្ឋានបុរីកីទ្បាអិល ផ្លូវលេខ២១៣ សង្កាត់វាលវង់ ខណ្ឌ៧មករា និងគោលដៅទី៤ នៅចំណុចមុខបន្ទប់លេងB១៥ ជាន់ទី១៥ ក្នុងលំនៅដ្ឋានបុរីកីទ្បាអិល ផ្លូវលេខ២១៣ សង្កាត់វាលវង់ ខណ្ឌ៧មករា។

សមត្ថកិច្ចបន្តថា ជនល្មើស ០៨នាក់ (ស្រី២នាក់) ជាជនជាតិវៀតណាមរួមមាន ១-ឈ្មោះ ជឿង ថាន់មី (TRUONG THANH MY) ភេទប្រុស អាយុ៣២ឆ្នាំ ,២-ឈ្មោះ ង្វៀង ឌិនថឹង (NGUYEN DING THUAN) ភេទប្រុសអាយុ២៩ឆ្នាំ , ៣-ឈ្មោះ ហ្វាន ទៀងថាន់ (PHAN TIEN THANH) ភេទប្រុស អាយុ៣១ឆ្នាំ ,៤-ឈ្មោះ ប៊ូយ ញឹកហ័ង (BUI NHAT HOANG) ភេទប្រុស អាយុ៣២ឆ្នាំ, ៥-ឈ្មោះ ង្វៀង វឹងហាយ (NGUYEN VOENG HAY) ភេទប្រុស អាយុ១៤ឆ្នាំ,៦-ឈ្មោះ ង្វៀង វឹងវ៉ាង (NGUYEN VOENG VANG) ភេទប្រុស អាយុ១៧ឆ្នាំ,៧-ឈ្មោះ ដូធីមីហាន់ (DO THI MY HANH) ភេទស្រី អាយុ២៨ឆ្នាំ និង៨-ឈ្មោះ ហូ ធីញ៉ឺវិន (HO THI NHU QUYNH) ភេទស្រី អាយុ២៦ឆ្នាំ ។

វត្ថុតាងចាប់យករួមមាន ១-គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (MDMA) ទម្ងន់ ៨៩៩,៣៩ក្រាម, ទី២-គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់ ១៤,១២ក្រាម, ទី៣-គ្រឿងញៀនប្រភេទកេតាមីន (KETAMINE) ទម្ងន់ជាង៩៩០៤ក្រាម, ទី៤-សារធាតុគីមីផ្សំ ទម្ងន់សរុប ៣០៧៤៩ក្រាម ៣០គីឡូ៧៤៩ក្រាម។ វត្ថុតាងគ្រឿងញៀនសរុបទម្ងន់១០៨១៧,៥១ក្រាម (១០គីឡូ ៨១៧,៥១ក្រាម)។ 

បច្ចុប្បន្នជនល្មើស និងវត្ថុតាងខាងលើ ត្រូវបានមន្ទីរប្រឆាំងគ្រឿងញៀនសួរនាំ និងកសាងសំណុំរឿងបញ្ជូន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕(ដោយ ៖ គា សំណាង)

Leave a Reply

Your email address will not be published. Required fields are marked *