កប៉ាល់ដឹកទំនិញពីថៃលិចកណ្តាលសមុទ្រ,មនុស្ស១០នាក់ត្រូវបានជួយសង្គ្រោះ

ព្រះសីហនុ ៖ កប៉ាល់ដឹកទំនិញផ្ទុកកុងតឺនរ័មួយគ្រឿង ដែលដឹកទំនិញពីប្រទេសថៃមកប្រទេសកម្ពុជា បានជួបខ្យល់រលកធំៗហើយបានលិចនៅក្នុងសមុទ្រកោះរ៉ុង ចន្លោះកោះវ៉ាង និងកោះម្នាស់ ក្នុងខេត្តព្រះសីហនុ នាវេលាថ្ងៃត្រង់ថ្ងៃទី៩មិថុនា ឆ្នាំ២០២៤ ភ្លាមៗជនរងគ្រោះលើ កប៉ាល់ដែលលិចនោះ ត្រូវបានទូកនេសាទដែលនៅក្បែរជួយសង្គ្រោះនិងស្រង់ជនរងគ្រោះជាបឋមពីក្នុងសមុទ្រ។ 

កប៉ាល់ដែលលិចនេះបណ្ដោយ ៤៩ ម៉ែត្រនិងទទឹង ១៥ ម៉ែត្រ ជម្រៅទឹកជាង៣ម៉ែត្រ នៅលើនាវាដឹកទំនិញ(កុងតឺនឺ)មានមនុស្ស ១០ នាក់ជាជនជាតិថៃ ត្រូវបានជួយសង្គ្រោះទាំងស្រុងដោយទូកនេសាទនៅជិតកន្លែងកើតហេតុ និងបាននាំមកកាន់ដីគោកក្រុងព្រះសីហនុ តាមអូរប័រល្បឿនលឿនរបស់អ្នកឧកញ៉ា ទៀ វិចិត្រ ដោយសុវត្ថិភាពដោយមានការចូលរួមពីកម្លាំងទីបញ្ជាការជួរមុខអគ្គលេខាធិការដ្ឋានគណកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ រួមជាមួយសមត្ថកិច្ចចម្រុះ អាជ្ញាធររដ្ឋបាលខេត្តព្រះសីហនុ ព្រមទាំងកំពង់ផែស្វ័យយ័ត្នក្រុងព្រះសីហនុ ។

លោកម៉ាង សុីណេត អភិបាលរងខេត្តព្រះសីហនុក្នុងនាមថ្នាក់ដឹកនាំរដ្ឋបាលខេត្តឱ្យដឹងថា ក្រោយទទួលបានដំណឹងនេះអាជ្ញាធររដ្ឋបាលខេត្តព្រះសីហនុ រួមជាមួយសមត្ថកិច្ម្ចំរុះនិងផ្នែកពាក់ព័ន្ធបានយកចិត្តទុកដាក់ក្នុងការជួយសង្គ្រោះក្នុងនោះអ្នកបើកបរកប៉ាល់និងអ្នកបម្រើការសរុប១០នាក់ ត្រូវបានជួយសង្គ្រោះនាំមកដីគោកក្រុងព្រះសីហនុដោយសុវត្ថិភាពមិនមានម្នាក់ណារងគ្រោះថ្នាក់ដល់ជីវិតឡើយ ដោយសារតែមានការជួយសង្គ្រោះទាន់ពេលពីពលរដ្ឋអ្នកនេសាទយើង រួមជាមួយសមត្ថកិច្ចព្រមទាំងក្រុមសង្គ្រោះស្មគ្រ័ចិត្តរបស់អ្នកឧកញ៉ា ទៀ វិចិត្រ ហើយពេលនាំមកដល់ដីគោក អាជ្ញាធររដ្ឋបាលខេត្ត និងខាងកំពង់ផែស្វយត័ក្រុងព្រះសីហនុផង បានចាត់ចែងបញ្ជូនជនរងគ្រោះជនជាតិថៃទាំង១០រូបទៅពិនិត្យសុខភាព រៀបកន្លែងស្នាក់នៅនិងផ្តល់ម្ហូបអាហារដោយមនុស្សធម៍។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះ១០នាក់នោះមានឈ្មោះដូចខាងក្រោម ១-ឈ្មោះ MR.SOPON WANTONG ភេទប្រុស អាយុ ៦៣ឆ្នាំ ជនជាតិថៃ,២-ឈ្មោះ MR.SORASAK SASRIMUANG ភេទប្រុស អាយុ ៦៥ឆ្នាំ ជនជាតិថៃ,៣-ឈ្មោះ MR.SANTINA NAGARA ភេទប្រុស អាយុ៦៩ឆ្នាំ ជនជាតិថៃ,៤-ឈ្មោះ MR.PREECHA PANCHOO ភេទប្រុស អាយុ ៦៩ឆ្នាំ ជនជាតិថៃ ,៥-ឈ្មោះ MR.PRAKOB VECHKIT ភេទប្រុស អាយុ ៧៧ឆ្នាំជនជាតិថៃ,

៦-ឈ្មោះ MR.ADISAK BOONKUN ភេទប្រុស អាយុ ៦០ឆ្នាំ ជនជាតិថៃ,៧-ឈ្មោះ MR.DAURANG PALNAK ភេទប្រុស អាយុ ៥៤ឆ្នាំ ជនជាតិថៃ,៨-ឈ្មោះ MR.SANTI BOONYA ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិថៃ,៩-ឈ្មោះ MR.ARICHAI JAIRAK ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិថៃនិង១០.ឈ្មោះ MR.WORRATHUN CHIMSAWAT ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិថៃ ។

នៅក្នុងឱកាសនោះ បុរសអ្នកបើកបរកប៉ាល់ដឹកទំនិញថៃដែលរងគ្រោះនេះ បានថ្លែងអំណរគុណដល់អាជ្ញាធរប្រទេសកម្ពុជានិងអ្នកជួយសង្គ្រោះទាំងអស់ដែលបានជួយក្រុមនាវិកលើកប៉ាល់នេះ រួចផុតពីគ្រោះថ្នាក់៕(ដោយ ៖ គាសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *