នារីអ៊ីស្រាអែល ដែលហាម៉ាស់ចាប់ធ្វើចំណាប់ខ្មាំងអស់២៤៥ថ្ងៃ ឥឡូវបានរួចខ្លួនហើយ

អ៊ីស្រាអែល​ ៖ ចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែល នាង Noa Argamani បានលាតត្រដាងថា នាងមិនបានឃើញពន្លឺថ្ងៃអស់រយៈពេល ២៤៥ ថ្ងៃមកហើយ មុនពេលនាងត្រូវបានជួយសង្គ្រោះនៅក្នុងការវាយឆ្មក់ដ៏ក្លាហានដោយកងកម្លាំងពិសេសនៅក្នុងតំបន់ហ្គាហ្សា។

ស្ត្រីអាយុ ២៦ ឆ្នាំ ដែលបានជួបជុំគ្នាជាមួយគ្រួសារដ៏រីករាយរបស់នាងកាលពីថ្ងៃសៅរ៍កន្លងទៅ បានក្លាយជាមុខមាត់ដ៏ល្បីនៃការសម្លាប់រង្គាលថ្ងៃទី ៧ ខែតុលា បន្ទាប់ពីវីដេអូបានបង្ហាញនាងស្រែកថា «កុំសម្លាប់ខ្ញុំអី»ខណៈដែលនាងត្រូវបានចាប់ពង្រត់ពីពិធីបុណ្យតន្ត្រីដោយភេរវករហាម៉ាស់តាមម៉ូតូ។

ប៉ុន្តែសំណួរដ៏ធ្ងន់ធ្ងរត្រូវបានលើកឡើងជុំវិញតម្លៃមនុស្សនៃបេសកកម្មជួយសង្គ្រោះនេះ ដែលបានរំដោះអ្នកជាប់ឃុំបីនាក់ទៀតផងដែរ ដោយក្រសួងសុខាភិបាលរបស់ហាម៉ាស់ បានអះអាងថា វាបានបណ្តាលឱ្យស្លាប់មនុស្ស ២៧៤ នាក់និងរបួស ៦៩៨ នាក់។

ខណៈគេមិនច្បាស់ថាតើមានជនស៊ីវិលប៉ុន្មាននាក់នោះ រូបភាពដ៏គួរឱ្យរន្ធត់ពីលទ្ធផលនៃការប្រយុទ្ធគ្នាដោយកាំភ្លើងអំឡុងពេលការវាយឆ្មក់នៅក្នុងតំបន់ Nuseirat បានបង្ហាញស្ត្រី និងកុមារជាច្រើននាក់ដេកស្លាប់ និងរងរបួសរដូករណែលពេញដងផ្លូវ។

មិត្តភក្តិរបស់នាង Noa ឈ្មោះ Amir Moadi អាយុ ២៩ ឆ្នាំបាននិយាយថា «នាងមានសុខភាពល្អ ទាំងផ្លូវចិត្តនិងផ្លូវកាយ។ ប៉ុន្តែ Noa បានបាត់បង់មិត្តភក្តិជាច្រើននៅថ្ងៃទី ៧ ខែតុលា។ ខ្ញុំគិតថាវានឹងត្រូវការពេលវេលាដើម្បីយល់រឿងគ្រប់យ៉ាង។ វាមានអារម្មណ៍ថានាងមានការតក់ស្លុតជាខ្លាំង»។

Amir Moadi បន្តថា «ឥឡូវដោយ​សារ​តែ​មានមនុស្ស​ជុំវិញ​នាង​ នាង​អាចញញឹម​និង​សប្បាយ​ចិត្ត​ជាខ្លាំង​។ នាងបានប្រាប់យើងតាមទូរស័ព្ទមុនពេលយើងឃើញនាងថា ខ្ញុំត្រឡប់ទៅផ្ទះវិញហើយ។ ពេល​អ្នក​បាន​ឮ​ពី​នាង ចិត្ត​យើង​ទាំង​អស់​គ្នា​ធូរស្បើយយ៉ាងខ្លាំង»៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *