រថយន្តលាយបេតុង បើកលឿនជ្រុលកិនស្ត្រីម្នាក់ កំពុងជិះម៉ូតូបាត់បង់ជីវិត

ភ្នំពេញ ៖ ស្ត្រីម្នាក់កំពុងជិះម៉ូតូសុខៗ ត្រូវរថយន្តលាយបេតុងមួយគ្រឿងបើកបរ ល្បឿនលឿន មកបុករួចកិនអូសប្រមាណជិត១០ម៉ែត្រ ខ្ទេចសាច់មួយកំណាត់ក្រោមនិងម៉ូតូខូចខាតស្ទើរទាំងស្រុង ។ 

ហេតុការណ៍ខាងលើនេះ កើតឡើងកាលពីវេលាម៉ោង២និង៤៥នាទីរសៀល ថ្ងៃទី ១០ មិថុនា ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវលេខ៥១៦ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

រថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ ក្បាលពណ៌ស ប្រភេទលាយបេតុង ពាក់ស្លាកលេខ ភ្នំពេញ 5A-1047   បើកបរដោយបុរសម្នាក់មិនទាន់ស្គាល់អត្តសញ្ញាណ វ័យប្រហែលជាង៤០ឆ្នាំ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្រោយបង្កគ្រោះថ្នាក់។ ចំណែកភាគីរងគ្រោះជាស្ត្រីឈ្មោះ ឡឹក ចាន់រ៉ា អាយុជាង ៣០ឆ្នាំ ជាបុគ្គលិកផ្នែកអនាម័យសាលា ផារ៉ាហ្គន ជិះម៉ូតូម៉ាក ហុងដាគុបមូល ពណ៌ស្លែ ពាក់ស្លាកលេខភ្នំពេញ 1BI-4270 ។

តាមសាក្សីដែលឃើញហេតុការណ៍បានឱ្យដឹងថា ដំបូងគេឃើញរថយន្តខាងលើ បើកចេញពីស្តុប សម្តេចប៉ែននុត(៥១៦) ឆ្ពោះឡើងមកផ្លូវលេខ៧០ ,លុះមកជិតដល់ ចំណុចកើតហេតុស្រាប់តែស្ត្រីរងគ្រោះជិះម៉ូតូម៉ាកគុបមូល ចេញពីផ្លូវលេខ២៨៣ ឡើងមកផ្លូវលេខ៥១៦ (នៅស្តាំដៃនៃរថយន្ត) ស្របគ្នានោះរថយន្តបានមកដល់ វ៉ាក់អើ ចាប់ហ្វ្រាំងមិនទាន់ដោយល្បឿនលឿននិងដឹកធ្ងន់ផងនោះ (បេតុងពេញ) បានកិនម៉ូតូព្រមស្ត្រីរងគ្រោះខ្ទេច អូសប្រមាណជាង១០ម៉ែត្រ បាត់បង់ជីវិតតែម្តង ។

ភ្លាមៗអ្នកបើកបរត្រូវបានសមត្ថនៅគោលដៅក្បែរនោះឃាត់អ្នកបើកបរ ទុកឱ្យនគរបាលមូលដ្ឋាន បន្ទាប់មកនគរបាលចរាចរណ៍មកទទួល ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាននិងជំនាញការិយាល័យចរាចរណ៍ផ្លូវគោករាជធានី ចុះមកសម្រួលចរាចរណ៍វាស់វែង យករថយន្តបង្កនិងម៉ូតូទៅរក្សាទុក រង់ចាំដោះស្រាយនៅពេលក្រោយ រួចបានរៀបចំឯកសារ និងរកអត្តសញ្ញាណជនរងគ្រោះ ដើម្បីទាក់ទងសាច់ញាតិមកទទួលសព យកទៅធ្វើបុណ្យតាមប្រពៃណី៕ (ដោយ ៖ ប៉ូច គឹមសុខ)

Leave a Reply

Your email address will not be published. Required fields are marked *