ហាម៉ាស់ស្វាគមន៍សេចក្តីសម្រេចចិត្តស្តីពីបទ«ឈប់បាញ់របស់ក្រុមប្រឹក្សាសន្តិសុខអ.ស.បលើហ្គាហ្សា»

បរទេស ៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីរសៀលថ្ងៃចន្ទ ទី១០ ខែមិថុនាឆ្នាំ២០២៤ បានអនុម័តនូវសេចក្តីសម្រេចចិត្តមួយរបស់សហរដ្ឋអាមេរិក ដែលស្វាគមន៍ចំពោះសំណើបទឈប់បាញ់ដែលប្រកាសដោយប្រធានាធិបតី ចូ បៃដិន ដែលសហរដ្ឋអាមេរិកនិយាយថាអ៊ីស្រាអែលបានទទួលយក។ សេចក្តីសម្រេចចិត្តនេះអំពាវនាវឱ្យក្រុមហាម៉ាស់ទទួលយកផែនការបីដំណាក់កាល។

ក្នុង​ចំណោម​សមាជិក​ទាំង ១៥  រុស្ស៊ី​បាន​អនុប្បវាទ​ក្នុង​ការ​បោះឆ្នោត ខណៈ​សមាជិក​ក្រុមប្រឹក្សា​ចំនួន ១៤ ប្រទេសទៀតបាន​បោះឆ្នោត​គាំទ្រ។ សហរដ្ឋអាមេរិកបានរៀបចំរួចរាល់នូវអត្ថបទរបស់ខ្លួនកាលពីថ្ងៃអាទិត្យ បន្ទាប់ពីការចរចារយៈពេលប្រាំមួយថ្ងៃក្នុងចំណោមសមាជិកក្រុមប្រឹក្សា។

ក្រុមហាម៉ាស់បានស្វាគមន៍ចំពោះសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ ដែលគាំទ្រសំណើសុំបទឈប់បាញ់នៅហ្គាហ្សា ដោយនិយាយថា ខ្លួនត្រៀមខ្លួនជាស្រេចក្នុងការសហការជាមួយអ្នកសម្របសម្រួលលើការអនុវត្តគោលការណ៍នៃផែនការ។ 

ក្រុមហាម៉ាស់ក៏បាននិយាយផងដែរថា ខ្លួនមានឆន្ទៈក្នុងការចូលរួមក្នុងការចរចាដោយប្រយោលលើការអនុវត្តគោលការណ៍ «ដែលស្របតាមការទាមទាររបស់ប្រជាជន និងចលនាតស៊ូរបស់យើង»។

សេចក្តីសម្រេចចិត្តនេះជំរុញឱ្យអ៊ីស្រាអែល និងក្រុមហាម៉ាស់ «អនុវត្តឱ្យបានពេញលេញនូវលក្ខខណ្ឌរបស់ខ្លួនដោយមិនពន្យារពេល និងលក្ខខណ្ឌ»៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *