ប្រកាសចូលកាន់តំណែងសមាជិក ក្រុមប្រឹក្សាខណ្ឌ៧មករា ១៩រូប

ភ្នំពេញ ៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញបានជំរុញឱ្យក្រុមប្រឹក្សាខណ្ឌ៧មករា អាណត្តិទី៤ ចំនួន១៩រូបខិតខំបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ពលរដ្ឋ ចាប់ពីថ្ងៃប្រកាសចូលកាន់តំណែងនេះតទៅ។

ពិធីប្រកាសចូលកាន់តំណែងខាងលើនេះ ក្រោមអធិបតីភាពឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ និងឯកឧត្តម កែ ប៊ុនឡេង សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខណ្ឌ៧មករា ប្រារព្ធធ្វើឡើងនាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ នៅសាលាខណ្ឌ៧មករា  ។

លោក សោម សុវណ្ណ ប្រធានក្រុមប្រឹក្សាខណ្ឌ៧មករា អាណត្តិទី៤ មានប្រសាសន៍ថា ដើម្បីបន្តនិរន្តរភាពការងារក្រុមប្រឹក្សា និងដើម្បីជាសក្ខីភាពឆ្លើយតបទៅនឹងទំនុកចិត្តរបស់អង្គបោះឆ្នោត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជាពិសេសប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌ៧មករា នឹងខិតខំបំពេញការងារទ្វេដង ជាមួយនិងការប្តេជ្ញាគោរព និងប្រតិបត្តិដោយភក្តីភាពចំពោះ «ជាតិ សាសនា ព្រះមហាក្សត្រ» និងប្តេជ្ញាការពាររាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ ប្តេជ្ញាអនុវត្តឱ្យមានប្រសិទ្ធភាពនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។ 

លោកបន្តថា ត្រូវប្តេជ្ញាពង្រឹងឱ្យបានល្អនូវទំនាក់ទំនងរវាងក្រុមប្រឹក្សា និងគណៈអភិបាលខណ្ឌ ព្រមទាំងក្រុមប្រឹក្សាផ្សេងៗគ្នា មន្ត្រី បុគ្គលិកក្រោមឱវាទរដ្ឋបាលខណ្ឌ៧មករា និងប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការល្អរវាងផ្ទៃក្នុង សហជិកក្រុមប្រឹក្សាខណ្ឌ សង្កាត់ទាំងអស់ ដោយមិនប្រកាន់និន្នាការនយោបាយ។ ប្តេជ្ញាប្រតិបត្តិឱ្យបានត្រឹមត្រូវនូវបទបញ្ជាផ្ទៃក្នុង និងក្រមសីលធម៌របស់ក្រុមប្រឹក្សា។ លើកកម្ពស់គុណភាព និងប្រសិទ្ធភាពក្នុងការ ផ្តល់សេវាជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ច។ លើកកម្ពស់ការការពារសិទ្ធិចូលរួមរបស់ប្រជាពលរដ្ឋក្នុងកិច្ចការរបស់រដ្ឋបាលគ្រប់លំដាប់ថ្នាក់។

ឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ មានប្រសាសន៍ថា ក្រុមប្រឹក្សាខណ្ឌត្រូវបានតំណាងប្រជាពលរដ្ឋផ្តល់សេចក្តីទុកចិត្តបោះឆ្នោតជ្រើសរើសជាសមាជិកក្រុមប្រឹក្សាខណ្ឌដូនពេញអាណត្តិទី៤ ដើម្បីបន្តដឹកនាំ សំដៅចូលរួមថែរក្សាសុខសន្តិភាព ស្ថេរភាព និងបន្តអភិវឌ្ឍឱ្យមានការរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត។ ក្នុងការអនុវត្តការងារជាសមាជិក សមាជិកាក្រុមប្រឹក្សា ត្រូវខិតខំបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ ប្រជាពលរដ្ឋដោយស្មើភាពតម្លាភាព គណនេយ្យភាព សមធម៌ និងបរិយាប័ន្ន ជាពិសេសមិនត្រូវប្រកាន់និន្នាការនយោបាយណាមួយនោះឡើយ។ 

ក្រុមប្រឹក្សាអាណត្តិទី៣ គណៈអភិបាលខណ្ឌដូនពេញ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងមានសមត្ថកិច្ច និងប្រជាពលរដ្ឋទូទាំងខណ្ឌបានរួមសាមគ្គីសហការគ្នា ខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការកសាង និងអភិវឌ្ឍន៍ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ រួមមានការផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈ ការអភិវឌ្ឍមូលដ្ឋាន ការជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះធម្មជាតិ ជំងឺឆ្លងរាតត្បាតកាចសាហាវកូវីដ-១៩ ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនិងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ព្រមទាំងចូលរួមការពារ និងថែរក្សាសន្តិសុខសម្រាប់ការបោះឆ្នោតនានាកន្លងមកនេះ។

ឯកឧត្ដម នួន ផារ័ត្ន  បន្តថា ចាប់តាំងពីការបោះឆ្នោតជាតិឆ្នាំ១៩៩៣ រហូតមកទល់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤នេះ ប្រទេសកម្ពុជាបានរៀបចំការបោះឆ្នោតចំនួន២០ដងរួចមកហើយដែលការណ៍នេះបានបង្ហាញយ៉ាងច្បាស់អំពីការចាក់គ្រឹះយ៉ាងរឹងមាំនូវដំណើរការនៃលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅក្នុងប្រទេសកម្ពុជា ធានាបាននូវស្ថិរភាពនយោបាយ និងសុខសន្តិភាព ។

ឯកឧត្តមបន្តទៀតថា សន្តិភាព ជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមឲ្យមានការរីកចម្រើនសំដៅឆ្ពោះសម្រេចបាននូវចក្ខុវិស័យប្រែក្លាយឋានៈរបស់ប្រទេសកម្ពុជា ពីប្រទេសមានចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នាឆ្នាំ២០៥០៕(ដោយ ៖ គា សំណាង)

Leave a Reply

Your email address will not be published. Required fields are marked *