បុរសម្នាក់សង្ស័យបែកថ្នាំលោតចូលមុខរថយន្តកុងតឺន័របុក

ភ្នំពេញ ៖ បុរសម្នាក់សង្ស័យបែកថ្នាំបានធ្វើអត្តឃាតលោតចូលខាងមុខរថយន្តដឹកកុងតឺន័រ១គ្រឿងដើម្បីឱ្យរថយន្តបុកនិងកិនឱ្យស្លាប់ ប៉ុន្តែជាសំណាងល្អពេលលោតចូលទៅត្រូវរថយន្តបុកខ្ទាតចេញផុតពីក្រោមកង់រថយន្ត ទើបមិនត្រូវបានរថយន្តនោះកិនតាមបំណងឡើយ ហើយគ្រាន់តែរងរបួសធ្ងន់ប៉ុណ្ណោះ ។ 

ក្រោយពេលកើតហេតុរថយន្តនោះបានឈប់ បន្ទាប់មកអ្នកបើកបរបានចុះរត់គេចខ្លួនបាត់ ចំណែកបុរសខាងលើត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ។

ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង១០និង១៦នាទីព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវជាតិលេខ៤ នៅត្រង់ចំណុចមុខស្ថានីយ៍ប្រេងឥន្ធនៈតេលា ភូមិព្រៃព្រីងខាងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះឈ្មោះ ស៊ុយ អូច ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិកុក ឃុំអង្គភាស ស្រុកអង្គរជុំ ខេត្តសៀមរាប ប៉ុន្តែពុំដឹងថាមកភ្នំពេញនៅពេលណា និងស្នាក់នៅកន្លែងណានិងធ្វើការរកសុីអ្វីឡើយ ។

សាក្សីបាននិយាយថា នៅមុនពេលកើតហេតុគាត់បានឃើញបុរសនេះឈរនៅលើចិញ្ចើមផ្លូវជាតិលេខ៤ផ្នែកខាងត្បូង ហើយបាននិយាយបែបរវើរវាយតែម្នាក់ឯង ដែលសង្ស័យថាបុរសនេះជាមនុស្សបែកថ្នាំ ។ លុះដល់ពេលកើតហេតុបុរសនេះបានដើរឆ្លងផ្លូវជាតិលេខ៤ ក្នុងទិសដៅពីត្បូងទៅជើង ដល់កណ្ដាលទ្រូងផ្លូវក៏បានឈប់ស្ងៀមបន្តិច ហើយស្របពេលនោះក៏មានរថយន្តកុងតឺន័រ ១គ្រឿងបើកបរក្នុងទិសដៅពីកើតទៅលិចទៅដល់ល្មម។ 

សាក្សីបន្តថា ខណៈនោះបុរសខាងលើក៏បានធ្វើអត្តឃាតលោតចូលទៅខាងមុខរថយន្តកុងតឺន័រ ហើយក៏ត្រូវបានរថយន្តនោះបុក បណ្ដាលឱ្យដួលប៉ុន្តែខ្ទាតផុតពីកង់រថយន្ត ទើបមិនត្រូវបានរថយន្តកិនស្លាប់ហើយគ្រាន់តែរងរបួសធ្ងន់ប៉ុណ្ណោះ ។ បន្ទាប់មករថយន្តបានបើកហួសបន្តិចទើបឈប់ ហើយអ្នកបើកបរបានចុះរត់គេចខ្លួនបាត់តែម្តង ។ 

ក្រោយពេលកើតហេតុក្រុមសង្រ្គោះអង្គភាព៧១១ កងពលតូចលេខ៧០បានទៅដឹកយកជនរងគ្រោះរូបនេះទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសុមៈភ្លាមៗ ,ចំណែករថយន្តត្រូវបាននគរបាលនាំយកទៅរក្សាទុក ៕(ដោយ ៖ គាសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *